កិច្ចប្រជុំដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦--នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍កិច្ចប្រជុំដោះស្រាយពន្លឿនលំហូរឯកសារដែលកកស្ទះនៅតាមច្រកចេញចូលតែមួយក្រុងស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ដើម្បីធានាថា ឯកសារត្រូវបានដោះស្រាយដោយរលូនប្រកបដោយតម្លាភាព គណនេយ្យភាពជូនប្រជាពលរដ្ឋ។ ឯកសារកកស្ទះនាពេលកន្លងមក មានកត្តាមួយចំនួន ដូចជា កត្តាមនុស្ស កត្តាច្បាប់ និងកត្តាបច្ចេកទេស។ ដើម្បីដោះស្រាយលំហូរឯកសារនៅតាមច្រកចេញចូលតែមួយឱ្យបានលឿន ក៏ប៉ុនែ្តអ្វីដែលយើងបានខិតខំដោះស្រាយ មិនដូចអ្វីដែលយើងចង់បានក្នុងការលំហូរឯកសារបានលឿន ឆាប់ តាមអ្វីដែលយើងចង់បាននោះទេ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំនាពេលនេះគឺ៖ ១.សហការចាប់ដៃគ្នារវាងសាខាពន្ធដារ និងមន្ទីរសុរិយោដី ដើម្បីពង្រឹងប្រសិទ្ធភាពការចុះបញ្ជីដីធ្លី។ ថ្ងៃនេះយើងរួមគ្នាដោះស្រាយបញ្ហាកកស្ទះនូវឯកសារនាពេលកន្លងមក ពន្ធដារបានធ្វើ ការងារជាបន្តបន្ទាប់ជាមួយឯកឧត្តមអភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប និងបន្តដោះស្រាយបន្តនៅខេត្តព្រះសីហនុ ដើម្បីធ្វើយ៉ាងណាឱ្យការងារចុះបញ្ជីដីធ្លីឱ្យមានស៊ីចង្វាក់គ្នាក្នុងការប្រមូលទិន្នន័យកាន់តែប្រសើឡើង ក្នុងការគ្រប់គ្រងកែទម្រង់កាន់តែស៊ីជម្រៅ ជាពិសេសរួមគ្នាប្រមូលពន្ធចូលថវិកាជាតិ។

ដោយសារកន្លងមកឯកសារកកស្ទះនៅខាងសុរិយោដី និងសាខាពន្ធដារ សម្រាប់ខេត្តព្រះសីហនុបានដោះស្រាយបានល្អ។ ព្រោះការកកស្ទះបានដោះស្រាយសឹងតែអស់ ដូច្នេះយើងត្រូវបែងចែកឯកសារកកស្ទះមានដូចជា៖ ទី១.ម្ចាស់មិនបានសហការ, ២.ម្ចាស់ផ្តល់ឯកសារមិនគ្រប់គ្រាន់ និង៣.ម្ចាស់មិននៅក្នុងស្រុក។ ដូច្នេះយើងជាមន្ត្រីត្រូវរួមគ្នាធ្វើកិច្ចការនេះឱ្យ កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។

ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា បញ្ហាសេវាកកស្ទះត្រូវធ្វើការទទួលខុសត្រូវទាំងអស់គ្នា ដោយបង្កើតក្រុមការងាររវាងសាខាពន្ធដារ និងមន្ទីរសុរិយោដី ច្រកចេញចូលតែមួយក្រុង ស្រុក និងរដ្ឋបាលខេត្ត ដើម្បីពន្លឿន និងដោះស្រាយសេវាកកស្ទះនៅច្រកចេញចូលក្រុងស្រុក ខេត្ត និងមន្ទីរ អង្គភាពឱ្យដំណើរការរ លូនប្រកបដោយតម្លាភាព គណនេយ្យភាព៕

ដោយ ងូ សុមុនី





