ឯកឧត្តម ឆាយ ឫទ្ធិសែន អនុញ្ញាតជូននាយិកាគ្រប់គ្រងអង្គការទឹកស្អាត១០០១ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង បានអនុញ្ញាតជូនលោកស្រី Amandine Chaussinand នាយិកាគ្រប់គ្រងអង្គការទឹកស្អាត១០០១ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

លោកស្រីនាយិកាបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីអំពីដំណើការរបស់អង្គការទឹកស្អាត ១០០១ ដែលចាប់ផ្តើមដំណើរពីឆ្នាំ ២០០៥ រហូតមកដល់ពេលបច្ចុប្បន្ន និងកំពុងមានប្រតិបត្តិការក្នុងខេត្តគោលដៅចំនួន ១៨នៅទូទាំងប្រទេស។ លោកស្រីបន្ថែមទៀតថា គិតត្រឹមឆ្នាំ ២០២៥ មានប្រជាជនរស់នៅតំបន់ជនបទប្រមាណ ១លាននាក់ប្រើប្រាស់ទឹកស្អាតដែលផលិតដោយអង្គការរៀងរាល់ថ្ងៃ។ ជាងនេះទៅទៀតអង្គការបានផ្តល់ទឹកសុទ្ធជូនដល់សាលារៀនជាង ១០០០ កន្លែងក្នុងខេត្តចំនួន ១៨ ដែលអាចឱ្យកុមាប្រមាណ ៣៦ ម៉ឺននាក់បរិភោគទឹកស្អាតជារៀងរាល់ថ្ងៃផងដែរ។ លោកស្រី និងសហការី ក៏បានជម្រាបជូនអំពីផែនការសកម្មភាព ៥ឆ្នាំទៅមុខរបស់អង្គការជូនដល់ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទផងដែ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកស្រី នាយិកា និងសហការី នៃអង្គកាទឹកស្អាត ១០០១ ដែលអញ្ជើញមក និងបានធ្វើរបាយការណ៍យ៉ាងក្បោះក្បាយអំពីដំណើរការរបស់អង្គការជូនអង្គពិធីក្នុងឱកាសនេះ។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការមួយរបស់រាជរដ្ឋាភិបាលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដោយបានកំណត់យុទ្ធសាស្ត្រសំខាន់ៗចំនួន៥។ យុទ្ធសាស្ត្រ ១ ក្នុងចំណោមយុទ្ធសាស្ត្រទាំង៥ គឺផ្តោតលើការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាពលរដ្ឋជនបទ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយបរិយាបន្ននិងភាពធន់ និងការអនុវត្តអនាម័យផ្ទាល់ខ្លួនតាមក្បួនខ្នាត ដែលធ្វើឱ្យប្រជាជនមានសុខភាពល្អ និងអាយុសង្ឃឹមរស់កាន់តែវែង។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អង្គការ និងភាពជាដៃគូដ៏ល្អក្នុងកិច្ចសហការណ៍ជាមួយក្រសួងអភិវឌ្ឍន៍ជនបទនាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះលោកស្រីនាយិកា និងសហការីដែលបានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញការអភិវឌ្ឍនៅតំបន់ជនបទ ពិសេសការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ជនបទ ដែលធ្វើឱ្យក្រសួងអាចសម្រេចបានគោលដៅ “ប្រជាពលរដ្ឋរស់នៅតំបន់ជនបទមានទឹកស្អាតប្រើប្រាស់ ១០០% នៅឆ្នាំ ២០៣០”៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





