ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញអមដំណើរឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅភូមិតាំងទន្លេ សង្កាត់ទំព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយពិធីនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូ គណៈកម្មាធិការកណ្តាល ប្រធានក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំង៣ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អាជ្ញាធរ, កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និងនិវត្តជន ប្រមាណ២០០នាក់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតាមដានពីសុខទុក្ខ និងដោះស្រាយការលំបាកជូនអតីតយុទ្ធជន និងនិវត្តជនជាបន្តបន្ទាប់ អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ស្ពឺ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កសាងដោយលោក នូ ស៊ីថា។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងថា ការសាងសង់ទីស្នាក់ការសមាគមធ្វើឡើង ក្នុងគោលបំណងជួយសម្របសម្រួល និងផ្តល់សេវា ព្រមទាំងដោះស្រាយបញ្ហាប្រឈមទាំងឡាយជាប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជនឱ្យបានទាន់ពេលវេលា។ ការសាងសង់ទីស្នាក់ការសមាគម អ.ន.ក.ខេត្ត គឺជាកន្លែងប្រមូលផ្តុំរបស់មន្រ្តី ដើម្បីអនុវត្ត និងផ្តល់សេវាលើតម្រូវការ ព្រមទាំងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូប។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានបន្តថា បន្ទាប់ពីទីស្នាក់សមាគមបានសាងសង់រួចរាល់ជាស្ថាពរ សូមសមាជិក-សមាជិការទាំងអស់នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវពិនិត្យពីស្ថានភាពជាក់ស្តែងរបស់សមាជិកនីមួយៗ ដើម្បីលើកជាសំណើ និងរបាយការណ៍ជូនថ្នាក់ដឹកនាំ។ ឯកឧត្តមបានណែនាំដល់ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ស្ពឺ ធ្វើបច្ចុប្បន្នភាពចំពោះអតីតយុទ្ធជន និងនិវត្តជនណាមានជីវភាពទីទ័លដែលស្នើសុំផ្ទះដីឡូត៍ ត្រូវពិនិត្យ និងរៀបចំសំណើមកថ្នាក់ដឹកនាំគណៈកម្មាធិការកណ្តាល អ.ន.ក. ដើម្បីពិនិត្យ និងសម្រេចផងដែរ៕

ដោយ៖ ម៉ែន ប៊ុនធីម





