អភិបាលស្រុកថ្មពួក៖ ការប្រឡងសាកល្បងគឺជា «កញ្ចក់ឆ្លុះបញ្ចាំង» ដើម្បីពង្រឹងសមត្ថភាពសិស្ស ឆ្ពោះទៅរកជោគជ័យក្នុងការប្រឡងបាក់ឌុប
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦--លោក រ័ត្ន ដាស៊ីណង់ អភិបាលនៃគណៈអភិបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ការប្រឡងសាកល្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គឺជាកញ្ចក់ឆ្លុះបញ្ចាំងដ៏សំខាន់បំផុត ដើម្បីឱ្យបេក្ខជនអាចវាយតម្លៃបាននូវចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនមុនឈានទៅប្រឡងពិតប្រាកដ។

ការលើកឡើងរបស់លោកអភិបាលស្រុក បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសាកល្បងថ្នាក់ទី១២ នៅមណ្ឌលប្រឡងវិទ្យាល័យថ្មពួក នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកស្រីអភិបាលរងស្រុក គណៈនាយក លោកគ្រូ អ្នកគ្រូ និងបេក្ខជនជាច្រើនរូប។
ក្នុងឱកាសនោះ លោក រ័ត្ន ដាស៊ីណង់ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងបានផ្តល់ដំបូន្មានយ៉ាងមុតស្រួចដល់សិស្សានុសិស្សទាំងអស់ថា ការប្រឡងសាកល្បងនេះ គឺជាឱកាសដ៏ល្អបំផុតសម្រាប់ក្មួយៗក្នុងការវាស់ស្ទង់សមត្ថភាពពិតប្រាកដ។ ត្រូវមានទំនុកចិត្តលើខ្លួនឯង និងប្រើប្រាស់ចំណេះដឹងដែលបានរៀនសូត្រកន្លងមកឱ្យអស់ពីលទ្ធភាព។

លោកអភិបាលស្រុក បានសង្កត់ធ្ងន់ទៅលើវិន័យ និងសីលធម៌នៃការប្រឡងថា បេក្ខជនត្រូវគោរពបទបញ្ជាផ្ទៃក្នុងនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួនបំផុត។ លោកបានហាមដាច់ខាតមិនឱ្យមានការនាំចូលនូវឧបករណ៍អេឡិចត្រូនិក ឬសំណៅឯកសារណាមួយចូលក្នុងបន្ទប់ប្រឡងឡើយ ដើម្បីបណ្ដុះនូវវប្បធម៌នៃភាពស្មោះត្រង់ និងការជឿជាក់លើសមត្ថភាពខ្លួនឯង។
ទន្ទឹមនឹងការដាស់តឿនលើផ្នែកវិន័យ លោក រ័ត្ន ដាស៊ីណង់ ក៏បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់បេក្ខជន ដោយណែនាំឱ្យសិស្សានុសិស្សយកចិត្តទុកដាក់លើការហូបចុក ការសម្រាកឱ្យបានគ្រប់គ្រាន់ និងរក្សាចិត្តគំនិតឱ្យបានស្ងប់ល្អ ចៀសវាងការមានសម្ពាធ ឬភ័យខ្លាចហួសហេតុ ដែលអាចប៉ះពាល់ដល់ការវិភាគវិញ្ញាសា។
លោកអភិបាលស្រុកបានបន្ថែមទៀតថា ធនធានមនុស្សដែលមានចំណេះដឹងពិតប្រាកដ គឺជាគ្រឹះដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍស្រុកកំណើតឱ្យកាន់តែរីកចម្រើន «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ គឺផ្តើមចេញពីយើងទាំងអស់គ្នា ហើយធនធានមនុស្សដែលមានចំណេះដឹងពិតប្រាកដ គឺជាកម្លាំងចលករក្នុងការអភិវឌ្ឍស្រុកភូមិរបស់យើង»។

ជាចុងក្រោយ លោក រ័ត្ន ដាស៊ីណង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈនាយក លោកគ្រូ អ្នកគ្រូ និងគណៈកម្មការរៀបចំការប្រឡងទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការរៀបចំដំណើរការប្រឡងនេះឱ្យប្រព្រឹត្តទៅដោយរលូន។ ជាមួយគ្នានោះ លោកក៏បានជូនពរដល់បេក្ខជនទាំងអស់ឱ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបានជ័យលាភីនិទ្ទេសល្អៗគ្រប់ៗគ្នា ក្នុងការប្រឡងបាក់ឌុបនាពេលខាងមុខនេះ៕
ដោយ ឈុន សារ៉ាត





