ឯកឧត្តម ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ចំពោះក្រុមស.ស.យ.ក. អលស្តារស្ម័គ្រចិត្តរួមគ្នា ក្នុងសកម្មភាពមនុស្សធម៌ជួយដល់សង្គមជាតិ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ (UYFC All Star FT) បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូបង្វឹក និងកីឡាករទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួម ក្នុងក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ កន្លងមក ក្នុងសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ដើម្បីជួយដល់សង្គមជាតិ ព្រមទាំងប្តេជ្ញាចិត្តរួមគ្នាសម្រេចបាននូវទិសដៅការងាររបស់ក្រុមទាំងមូល។

នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី នៅក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពកីឡាករក្រុមបាល់ទាត់ស.ស.យ.ក. អលស្តារ (UYFC All Star FT) នៅអគារ The Kampus រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៦។

ឯកឧត្តម ហ៊ុន ម៉ានី បានអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាសភាពកីឡាករក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការនាពេលនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូបង្វឹក និងកីឡាករទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ កន្លងមក ក្នុងសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ដើម្បីជួយដល់សង្គមជាតិ ព្រមទាំងប្តេជ្ញាចិត្តរួមគ្នាសម្រេចបាននូវទិសដៅការងាររបស់ក្រុមទាំងមូល។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ជំនួបគ្នាក្នុងថ្ងៃនេះមានសារៈសំខាន់បំផុត ពីព្រោះកីឡាបាននាំមកនូវឱកាសឱ្យយើងបានជួបជុំគ្នា និងកសាងនូវមិត្តភាព។ ភាពរឹងមាំ និងការរីកចម្រើននៃសង្គមជាតិមួយ គឺពិតជាត្រូវចាប់ផ្តើមចេញពីការកសាងស្មារតីមិត្តភាព និងសាមគ្គីភាពនេះឯង។

ជាមួយគ្នានេះ ឯកឧត្តម គួច វែងស្រ៊ុន អនុប្រធាន និងជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ (UYFC All Star FT) បានធ្វើរបាយការសង្ខេប និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក៏ដូចជាឧបត្ថម្ភគាំទ្រដល់ក្រុមបាល់ទាត់ឱ្យមានដំណើរការរីកចម្រើនជាបន្តបន្ទាប់។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានលើកបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដឹកនាំស្មារតីក្រុមឱ្យមានសាមគ្គីភាព និងវិន័យខ្ពស់ រក្សាឱ្យបានដាច់ខាតនូវគោលការណ៍ស្នូល បន្តសកម្មភាពមនុស្សធម៌ដើម្បីបម្រើសង្គមជាតិ និងខិតខំពង្រីកសមាជិកភាពបន្ថែមទៀត ក្រោមស្មារតីរឹងមាំគឺ «កីឡា មិត្តភាព សប្បុរស»។

គួរបញ្ជាក់ថា គោលបំណងសំខាន់នៃការបង្កើតក្រុមនេះឡើង គឺឈរលើស្មារតី «កីឡា មិត្តភាព សប្បុរសធម៌» ដើម្បីប្រមូលផ្តុំអ្នកស្នេហាវិស័យកីឡាបាល់ទាត់ លើកកម្ពស់សុខភាព សាមគ្គីភាព និងបង្កើតសកម្មភាពសង្គម ស្របតាមទិសដៅយុទ្ធសាស្ត្រ «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។ ក្រុមបាល់ទាត់ UYFC All Star FT ត្រូវបានបង្កើតដំបូង កាលពីខែតុលា ឆ្នាំ២០២៤ ដើម្បីចូលរួមប្រកួតមិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ ចំពោះការបង្កើតជាផ្លូវការត្រូវបានធ្វើឡើង ដោយផ្អែកលើការរីកចម្រើននៃសកម្មភាព ក្រុមបាល់ទាត់នេះត្រូវបានសម្រេចបង្កើតឡើងជាផ្លូវការជាជំហានៗនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ សមាសភាពសមាជិក៖ មានសមាជិកសរុប ៨៧ រូប ដែលមកពីគ្រប់មជ្ឈដ្ឋាន រួមមាន៖ ថ្នាក់ដឹកនាំនិងសមាជិកសកម្មរបស់ ស.ស.យ.ក., មន្ត្រីរាជការ, ពាណិជ្ជករ, សិល្បករ, កីឡាករអាជីព អតីតកីឡាករអាជីព និងកីឡាករមកពីក្រុមផ្សេងៗ។ រចនាសម្ព័ន្ធដឹកនាំ ប្រធានក្រុម ឯកឧត្តម ហ៊ុន ម៉ានី (ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា) ទីប្រឹក្សាក្រុម១០រូប អនុប្រធានក្រុម ៤រូប៕

ដោយ ហេង ណាលីន





