កម្លាំងខណ្ឌជលផលកំពង់ចាមចុះទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ
AKP កំពង់ចាម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦--ដោយរដូវនេះជារដូវបិទនេសាទ ហើយក៏ជារដូវពងញាស់កូនរបស់ពពួកមច្ឆាជាតិគ្រប់ប្រភេទ កម្លាំងជំនាញនៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចនៅតាមមូលដ្ឋានចុះធ្វើត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសនេសាទក្នុងដែនភូមិសាស្ត្ររបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ជាក់ស្តែងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថ និងប៉ុស្តិ៍រដ្ឋបាលឃុំរបស់ស្រុកកងមាស និងស្រុកបាធាយ ក្រោមការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន០៤ករណី ២ករណីក្នុងភូមិសាស្ត្ររបស់ស្រុកបាធាយ និង២ករណីទៀតស្ថិតក្នុងស្រុកកងមាសដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់នៅនឹងកន្លែងបាន រួមមាន របាំងផ្ចិតព្រែក (សាច់រ៉ាវ) ចំនួនសរុប៧កន្លែង ស្មើនឹងប្រវែងសរុប១៥៣ម៉ែត្រ ឧបករណ៍ដាយស្បៃមុងទំហំ ៥×២×១២ម៉ែត្រ ចំនួន២មាត់ ឧបករណ៍រ៉ាវចំនួន១១មាត់ឧបករណ៍លូស្បៃមុងចំនួន១មាត់ បង្គោលចម្រឹងចំនួន១៦២ដើមលែងត្រី ចម្រុះទម្ងន់១៦គីឡូក្រាម៕



ដោយ ឆាយ ម៉ុត





