អភិបាលខេត្តកណ្តាល ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនវៀតធេល (ខេមបូឌា)
AKP កណ្តាល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៦--ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយក្រុមហ៊ុនវៀតធេល (ខេមបូឌា) (មិត្តហ្វូន/VTC) ដើម្បីពិភាក្សាការងារ ដែលដឹកនាំដោយលោក ង្វៀន វ៉ាន់ឡឺយ ប្រធានសាខាក្រុមហ៊ុនមិត្តហ្វូន ខេត្តកណ្ដាល។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោក ង្វៀន វ៉ាន់ឡឺយ ប្រធានសាខាក្រុមហ៊ុនមិត្តហ្វូន ខេត្តកណ្ដាល បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុនមិត្តហ្វូន និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសរដ្ឋបាលខេត្តកណ្ដាល ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រព័ន្ធអ៊ីនធឺណិតនៅក្នុងខេត្តកណ្ដាលឱ្យបានទូលំទូលាយ និងមានល្បឿនលឿន។ ជាមួយគ្នានេះដែរ លោកប្រធានសាខាក្រុមហ៊ុនមិត្តហ្វូន បានថ្លែងអំណរគុណដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដែលបានទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងស្និទ្ធស្នាល។

មានប្រសាសន៍ក្នុងឱកាសជួបពិភាក្សានោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកឡើងថា សព្វថ្ងៃនេះ អ៊ីនធឺណិត គឺជាបច្ចេកវិទ្យាមួយដែលយើងទាំងអស់គ្នាមិនអាចខ្វះបាន ហើយប្រសិនបើប្រទេសណាមួយមិនមានប្រព័ន្ធអ៊ីនធឺណិតនោះទេ ប្រទេសនោះប្រៀបដូចជាប្រទេសមួយដែលនៅឯកាតែម្នាក់ឯង ដោយមិនបានផ្សារភ្ជាប់ និងទំនាក់ទំនងជាមួយប្រទេសដទៃទៀតឡើយ។ អ៊ីនធឺណិតប្រសិនបើយើងប្រើប្រាស់វាឱ្យបានត្រឹមត្រូវ នោះវានឹងទទួលបាននូវលទ្ធផលវិជ្ជមានមកយើងវិញ ប៉ុន្តែប្រសិនបើយើងប្រើប្រាស់មិនបានត្រឹមត្រូវនោះទេ នោះលទ្ធផលអវិជ្ជមាននឹងត្រឡប់មកយើងវិញ។ ជាក់ស្ដែង បច្ចុប្បន្ននេះជនល្មើសបានប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតដើម្បីប្រព្រឹត្តនូវបទល្មើសផ្សេងៗ ដែលនេះតម្រូវឱ្យយើងជាអាជ្ញាធរ និងក្រុមហ៊ុនអ៊ីនធឺណិតទាំងអស់ ត្រូវសហការគ្នាឱ្យបានល្អដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់រាល់បទល្មើសទាំងឡាយណា ដែលប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតនេះឱ្យបាននៅក្នុងមូលដ្ឋានខេត្តរបស់យើង។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានស្នើដល់ក្រុមហ៊ុនមិត្តហ្វូន សូមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីជំនាញ ពិសេសមន្ទីរប្រៃសណីយ៍ និងទូរគមនាគមខេត្តកណ្ដាល ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យានេះឱ្យកាន់តែទំនើបបន្ថែមទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងខេត្តកណ្ដាលឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





