ការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិ លើកទី៦៧ (IMO 2026) នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦-- គណៈប្រតិភូ និងបេក្ខជនសិស្សពូកែផ្នែកគណិតវិទ្យារបស់កម្ពុជាចំនួន ៦រូប រួមជាមួយគ្រូដឹកនាំ និងអ្នកសង្កេតការណ៍ រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមក្នុងពិធីបើកការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិ លើកទី៦៧ជាផ្លូវការ ដែលប្រារព្ធឡើងនៅវិទ្យាល័យសៀងហៃ ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ព្រឹត្តិការណ៍ប្រកួតប្រជែងគណិតវិទ្យាដ៏មានកិត្យានុភាពជាអន្តរជាតិនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីបណ្ដាប្រទេស និងតំបន់ចំនួន ១២០ នៅជុំវិញសកលលោក។ យោងតាមទិន្នន័យចុះឈ្មោះជាផ្លូវការ ការប្រកួតឆ្នាំនេះមានបេក្ខជនចូលរួមប្រកួតចំនួន ៦៨៥នាក់ ប្រធានប្រតិភូចំនួន ១១៩នាក់ និងអនុប្រធានប្រតិភូចំនួន១១៧នាក់ ដែលបង្ហាញពីភាពសកម្មនៃការផ្លាស់ប្ដូរបទពិសោធលើវិស័យចំណេះដឹងគណិតវិទ្យាកម្រិតខ្ពស់រវាងយុវជនជុំវិញពិភពលោក៕


ដោយ៖ ចាន់ សុភឿន





