អភិបាលស្រុកភ្នំស្រុក និងនាយខណ្ឌជលផល បើកយុទ្ធនាការក្តៅបោសសម្អាតឧបករណ៍នេសាទខុសច្បាប់រាប់ពាន់ម៉ែត្រនៅអាងត្រពាំងថ្ម
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៦ -- ធនធានមច្ឆាជាតិ និងជីវៈចម្រុះនៅក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម កំពុងត្រូវបានការពារយ៉ាងម៉ឺងម៉ាត់ ខណៈដែលអាជ្ញាធរស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ជូ បុត្រ ដែលបានសហការជាមួយមន្ទីរជំនាញ បើកយុទ្ធនាការទ្រង់ទ្រាយធំចុះបង្ក្រាប និងដុតបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ដែលជនខិលខូចលួចដាក់ក្នុងតំបន់ហាមឃាត់។

លទ្ធផលនៃប្រតិបត្តិការដ៏ក្តៅគគុកដែលបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងចម្រុះអាចប្រមូល និងដុតបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ រួមមានមុងសាច់ស្បៃប្រវែង ៣.៥០០ម៉ែត្រ ឧបករណ៍អ៊ុយ ២៤០គ្រឿង លបកែច្នៃ ៤៥គ្រឿង និងបង្គោលអ៊ុយ ១២០ដើម ព្រមទាំងបានលែងកូនត្រីចម្រុះប្រមាណ ១០០គីឡូក្រាមចូលទៅក្នុងអាងធម្មជាតិវិញផងដែរ។

នៅក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានថ្លែងសង្កត់ធ្ងន់ និងអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទនៅក្នុងតំបន់អាងត្រពាំងថ្ម។ លោក ជូ បុត្រ បានមានប្រសាសន៍យ៉ាងស៊ីជម្រៅថា «អាងត្រពាំងថ្មមិនត្រឹមតែជាប្រភពទឹកសម្រាប់កសិកម្ម និងជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់ស្រុកយើងប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជាជង្រុកត្រីធម្មជាតិ និងជាកន្លែងអភិរក្សជីវៈចម្រុះដ៏សំខាន់។ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជាស្បៃមុង និងអ៊ុយក្រឡាញឹក គឺជាការបំផ្លិចបំផ្លាញអនាគតកូនចៅខ្លួនឯង ព្រោះវាបំផ្លាញទាំងពូជត្រីតូចៗមិនឱ្យធំធាត់។ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ ស្តីពីជលផល និងបញ្ឈប់ការលួចលាក់ដាក់ឧបករណ៍ខុសច្បាប់ទាំងនេះតទៅទៀត។ អាជ្ញាធរនឹងមិនអត់ឱនឡើយ ហើយយើងនឹងបន្តយុទ្ធនាការចុះពិនិត្យ និងបង្ក្រាបជាប្រចាំដូចភ្លៀងរលឹម ដើម្បីការពារសម្បត្តិធម្មជាតិមួយនេះឱ្យបានគង់វង្ស»។

ទន្ទឹមនឹងការអំពាវនាវពីខាងអាជ្ញាធរដែនដី ខាងភាគីជំនាញច្បាប់ជលផល ក៏បានបង្ហាញជំហររឹងមាំក្នុងការអនុវត្តច្បាប់ផងដែរ។ លោក ឡុញ វុទ្ធី នាយខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ ដែលបានចូលរួមដឹកនាំកម្លាំងបច្ចេកទេសក្នុងយុទ្ធនាការនេះ បានលើកឡើងអំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃឧបករណ៍ខុសច្បាប់ និងយន្តការផ្លូវច្បាប់។ លោក ឡុញ វុទ្ធី បានមានប្រសាសន៍បំភ្លឺបន្ថែមថា ឧបករណ៍ដែលយើងបានបង្ក្រាប និងដុតបំផ្លាញចោលនៅថ្ងៃនេះ ដូចជាស្បៃមុងប្រវែងរាប់ពាន់ម៉ែត្រ និងលបកែច្នៃ គឺជាឧបករណ៍មហន្តរាយដែលច្បាប់ជលផលហាមឃាត់ដាច់ខាត។ វាចាប់រាប់តាំងពីមេពូជរហូតដល់កូនត្រីតូចៗប៉ុនចង្កឹះ ដែលធ្វើឱ្យរលាយហិនហោចពូជត្រីលឿនបំផុត។ ខណ្ឌរដ្ឋបាលជលផលខេត្ត ប្តេជ្ញាចិត្តខ្ពស់ក្នុងការសហការជាមួយគណៈបញ្ជាការឯកភាពស្រុកភ្នំស្រុក ដើម្បីបោសសម្អាតបទល្មើសទាំងនេះ។ យើងមិនត្រឹមតែដកហូត និងបំផ្លាញចោលឧបករណ៍នោះទេ ប៉ុន្តែក្នុងករណីរកឃើញជនល្មើសជាក់ស្តែង យើងនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការទៅតាមច្បាប់ ស្តីពីជលផល ដោយគ្មានការលើកលែងឡើយ។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងដោយមានការសហការចូលរួមយ៉ាងផុសផុលពីកម្លាំងចម្រុះសរុប ៤៤នាក់ ដោយប្រើប្រាស់មធ្យោបាយទូកស្មាច់ ៥គ្រឿង រថយន្ត ២គ្រឿង គោយន្តកន្ត្រៃ ១គ្រឿង និងម៉ូតូ ៧គ្រឿង ដើម្បីរុករកពាសពេញផ្ទៃទឹក។ រាល់ឧបករណ៍ខុសច្បាប់ទាំងអស់ ត្រូវបានកម្លាំងចម្រុះប្រមូលមកដុតបំផ្លាញចោលជាសាធារណៈនៅលើខ្នងអាងត្រពាំងថ្ម ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ដើម្បីជាការព្រមាន និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារធនធានធម្មជាតិ៕
ដោយ៖ ឈុន សារ៉ាត





