អាជ្ញាធរខេត្តកំពង់ឆ្នាំងដង្ហែររូបសំណាកលោកយាយជំទាវទេពអញ្ជើញចូលកាន់អាស្រម
AKP កំពង់ឆ្នាំង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៦--ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋ ដង្ហែររូបសំណាកលោកយាយជំទាវទេពអញ្ជើញចូលកាន់អាស្រម ស្ថិតក្នុងបរិវេណវត្តទេពធិតារាម ហៅវត្តយាយទេព ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយពិធីនេះមានការអញ្ជើញចូលរួមពីព្រះវិមលញាណ ឆន ឆុង ព្រះអនុគណក្រុងកំពង់ឆ្នាំង លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង លោក លោកស្រី និងប្រជាពលរដ្ឋចូលរួមជាច្រើនន។

នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ីវ រុន បានលើកដៃបួងសួងថ្វាយព្រះពរជ័យ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា និងលោកជំទាវ ថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំងទាំងមូល សូមឱ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា។ ជាពិសេស សូមឱ្យប្រទេសជាតិរួចផុតពីជំងឺដង្កាត់ គ្រោះកាចចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្ត។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា លោកយាយជំទាវទេពជានិមិត្តរូបនៃបារមីក្នុងជំនឿទៅលើមហិទ្ធិឫទ្ធិរបស់លោកយាយជំទាវទេពតាំងពីអតីតកាលរហូតបច្ចុប្បន្ន ដែលត្រូវបានពុទ្ធបរិស័ទគ្រប់ស្រទាប់វណ្ណៈគោរពបូជារហូតមក។ កម្មវិធីបុណ្យបានប្រារព្ធទៅតាមលំដាប់លំដោយនៃប្រពៃណីជំនឿសាសនារបស់ពុទ្ធបរិស័ទ ដែលមានពិធីស្រង់ទឹកជូនលោកយាយជំទាវទេពមុនដង្ហែរលោកយាយជំទាវទេពគង់លើអសនៈ។

ថ្លែងក្នុងបរិបទនេះ ឯកឧត្តម ស៊ីវ រុន ព្រមទាំងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួម បានបួងសួងសុំសេចក្តីសុខចម្រើនដល់សម្តេចថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ វីរកងទ័ពឈរជើងការពារទឹកដីនៅសមរភូមិមុខ និងប្រជាពលរដ្ឋក្នុងខេត្ត ក៍ដូចជានៅទូទាំងប្រទេសជៀសផុតពីជំងឺដង្កាត់ផ្សេងៗផងដែរ៕


ដោយ៖ បៃ ស៊ីថុន





