ក្រសួងបរិស្ថាន ចុះអនុវត្តច្បាប់ តម្រូវឱ្យសិប្បកម្មផលិតជីសរីរាង្គ “ជុង ហេង” ផ្អាកនាំចូលសំណល់ស្វាយ ជាបណ្តោះអាសន្ន និង ធ្វើការប្រមូលសម្អាតសំណល់ទាំងអស់ ឱ្យបានរួចរាល់ក្នុងរយៈពេល ២សប្តាហ៍
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៦--មន្រ្តីជំនាញក្រសួងបរិស្ថាន បានចុះអនុវត្តច្បាប់ តម្រូវឱ្យសិប្បកម្មផលិតជីសរីរាង្គ “ជុង ហេង” ផ្អាកនាំចូលសំណល់ស្វាយ ជាបណ្តោះអាសន្ន និង ធ្វើការប្រមូលសម្អាតសំណល់ទាំងអស់ ឱ្យបានរួចរាល់ក្នុងរយៈពេល ២សប្តាហ៍។

ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការចូលរួមពីលោក អភិបាលរងខណ្ឌកំបូល លោកអនុប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងរដ្ឋបាលសង្កាត់បឹងធំ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យនិងរកឃើញទីតាំងសិប្បកម្មផលិតជីសរីរាង្គ “ជុង ហេង” ជាប្រភេទកែច្នៃសំណល់ស្វាយ ធ្វើជាជីសរីរាង្គ ស្ថិតនៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ បានបង្កបញ្ហាក្លិនស្អុយ និងគ្រប់គ្រងសំណល់មិនបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន នាំឱ្យមានសំណល់រាវហូរចូលប្រឡាយទឹកសាធារណៈ។

ឆ្លើយបតនឹងបញ្ហានេះ មន្រ្តីជំនាញក្រសួងបរិស្ថានបានអនុវត្តនូវវិធានការច្បាប់ ដល់សិប្បកម្ម ផ្អាកនាំចូលសំណល់ស្វាយ ជាបណ្តោះអាសន្ន រហូតមានការសម្រេចជាថ្មី ពីស្ថាប័នមានសមត្ថកិច្ច។ក្រុមការងារក្រសួងបរិស្ថាន បានតម្រូវឱ្យសិប្បកម្ម ត្រូវធ្វើការប្រមូលសម្អាតសំណល់ទាំងអស់ ដែលបានចាក់នៅក្រៅទីតាំង ឱ្យបានរួចរាល់ ក្នុងរយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃនេះតទៅ ដើម្បីបង្ការផលប៉ះពាល់ដល់បរិស្ថាន ជាបន្តទៀត។ សិប្បកម្មនឹងត្រូវទទួលពិន័យអន្តរការណ៍ និងតម្រូវឱ្យគោរពច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន៕
ដោយ៖ ប៊ុនរិទ្ធ ប្រភព៖ក្រសួងបរិស្ថាន





