កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពស្តីពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៥
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦--កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសម្រាប់អនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ ដឹកនាំដោយ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពស្តីពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៥នាថ្ងៃទី ១៤ខែកក្កដាឆ្នាំ២០២៦ នៅទីស្ដីការក្រសួងផែនការ។ សមាសភាពចូលរួមមាន លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ព្រមទាំងដៃគូអភិវឌ្ឍននានាអញ្ជើញចូលរួម។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការវាយតម្លៃលើវឌ្ឍនភាពនៃការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ដែលជាផែនការសកលសម្រាប់ឆ្នាំ២០៣០។ របាយការណ៍វឌ្ឍនភាពនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរួមគ្នារវាងអង្គការសហប្រជាជាតិនៅកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) ជាមួយនឹងការចូលរួមផ្តល់ទិន្នន័យយ៉ាងសកម្មពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។


ផ្អែកលើរបាយការណ៍នេះ ការវាយតម្លៃលើវឌ្ឍនភាពត្រូវបានធ្វើឡើងដោយប្រើប្រាស់សូចនាករសរុបចំនួន ១៩៣ រួមមានសូចនាករគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (CSDG) ចំនួន ៨៦ និងសូចនាករសកលចំនួន ១០៧ ដែលមានទិន្នន័យជាក់លាក់សម្រាប់កម្ពុជា។ ក្នុងចំណោមគោលដៅចំនួន ១៧២ គឺមានតែ ១២៧ ប៉ុណ្ណោះដែលបច្ចុប្បន្នអាចវាស់វែងបាន ដែលក្នុងនោះ ៣២,៣% កំពុងមានវឌ្ឍនភាពល្អ ៥០,៤% ទាមទារឱ្យមានការជំរុញល្បឿនយ៉ាងឆាប់រហ័ស និង ១៧,៣% កំពុងស្ថិតក្នុងសភាពថយក្រោយ។

ឯកឧត្តម រដ្ឋមន្ត្រីបានថ្លែងមតិស្វាគមន៍ និងបានធ្វើការបូកសរុបកិច្ចប្រជុំ ដើម្បីដាក់ចេញនូវទិសដៅបន្ត ក្នុងការពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឱ្យសម្រេចបានតាមផែនការដែលបានកំណត់។
កិច្ចប្រជុំនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការតាមដាន និងវាយតម្លៃការអភិវឌ្ឍជាតិប្រកបដោយតម្លាភាព ផ្អែកលើទិន្នន័យជាក់ស្តែង ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
ដោយ៖ ពេជ្រ សំអឿន(ប្រភព:ក្រសួងផែនការ)





