ឯកឧត្តម គួច ចំរើន ប្រគល់សាជីចរាចរណ៍ ដល់រដ្ឋបាលក្រុង ស្រុកទាំង១៣ ទុកសម្រួលចរាចរណ៍នៅតាមផ្លូវសំខាន់ៗ
AKP កណ្តាល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦–ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានប្រគល់សាជីចរាចរណ៍ដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ សម្រាប់ទុកសម្រួលចរាចរណ៍នៅតាមផ្លូវសំខាន់ៗ ពិសេសនៅមុខសាលារៀន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សពេលចេញចូលសាលារៀន។
ក្នុងពិធីប្រគល់ទទួលនេះ ឯកឧត្តម គួច ចំរើន បានណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវយកសាជីចរាចរណ៍ដែលបានទទួលនាថ្ងៃនេះទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និងថែរក្សាឱ្យបានល្អ ព្រមទាំងសហការជាមួយកម្លាំងនគរបាលចរាចរណ៍ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍នៅតាមដងផ្លូវ ឱ្យមានរបៀបរៀបរយ និងសុវត្ថិភាព។


ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការប្រគល់សាជីចរាចរណ៏នេះ គឺក្នុងគោលបំណង ពង្រឹងវិធានការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងធានាសុវត្ថិភាពដល់សិស្សានុសិស្សនៅពេលចេញ-ចូលសាលារៀន ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





