ទូតកម្ពុជានៅកូរ៉េជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលទឹកកូរ៉េ-មេគង្គ នៃសាជីវកម្មធនធានទឹកកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានទទួលជួបសម្តែងការគួរសម និងពិភាក្សាកា រងារជាមួយលោកបណ្ឌិត Park Sang-Young នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលទឹកកូរ៉េ-មេគង្គ (Korea-Mekong Water Center) នៃសាជីវកម្មធនធានទឹកកូរ៉េ (K-Water) នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ។

លោក Park បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត អំពីគម្រោងមួយចំនួនដែល K-water បានអនុវត្តកន្លងមកក្នុងប្រទេសកម្ពុជា តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ ODA របស់កូរ៉េ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងទឹកប្រើប្រាស់ក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោក Park ក៏បានអញ្ជើញឯកឧត្តមឯកអគ្គរាជទូតចូលរួមកម្មវិធី «វេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ លើកទី៤ - 4th Mekong-Korea International Water Forum» នៅចុងឆ្នាំ ២០២៦នេះ ផងដែរ។

ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់ K-Water ដែលបានផ្តល់កិច្ចសហការ និងបន្តគាំទ្រលើគម្រោងអភិវឌ្ឍផ្នែកធនធានទឹករបស់ប្រទេសកម្ពុជា ដែលសុទ្ធសឹងតែជាគម្រោងមានសារៈសំខាន់សម្រាប់គាំទ្រដល់វិស័យសំខាន់ៗ របស់ប្រទេសកម្ពុជា និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។

ឯកឧត្តមក៏បានបន្តថា ស្ថានទូតរីករាយនឹងបន្តកិច្ចសហការ និងគាំទ្រដល់សកម្មភាពរបស់ K-water សម្រាប់គម្រោងនានាក្នុងប្រទេសកម្ពុជា នៅថ្ងៃខាងមុខ៕

ដោយ៖ ប៊ុនរិទ្ធ





