អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ជាអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដែលប្រកបដោយតុល្យភាព វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ
AKP កំពង់ស្ពឺ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិ ការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថាជាអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដែលប្រកបដោយតុល្យភាព វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។

ឯកឧត្តមថ្លែងបែបនេះក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News) ជំហានទី២» ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺជាច្រើននាក់។

លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានឡើងមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអនុរដ្ឋលេខា ធិការ និងក្រុមការងារក្រសួងព័ត៌មាន ព្រមទាំងបានអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារព័ត៌មាន និងសាធារណមតិ ដែលមន្ទីរបានអនុវត្តនាពេលកន្លងមក។ ក្នុងរបាយការណ៍នោះ លោកស្រីប្រធានមន្ទីរបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារជាផ្លែផ្កាជាច្រើនដែលសម្រេចបាន ជាពិសេសសកម្មភាពចុះធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយយ៉ាង សកម្មនៅតាមបណ្តាក្រុង-ស្រុក និងតាមសាលារៀននានាក្នុងខេត្ត ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការដាស់ តឿន និងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅថ្នាក់មូលដ្ឋាន។

ក្នុងឱកាសនោះឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជម្រុញពង្រឹងលើការផលិតនូវមាតិកា ឃ្លីបខ្លីៗស្តីពីការអភិវឌ្ឍរបស់ខេត្ត ពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងការតាមដាន គ្រប់គ្រងសភាពការណ៍ព័ត៌មាននិងសាធារណៈមតិ ដើម្បីឱ្យបានកាន់តែប្រសើ បន្តកិច្ចសហការជាមួយ ថ្នាក់ដឹកនាំ មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលអាចបង្កឱ្យមានភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខសង្គម។ លើពីនេះមន្ត្រីព័ត៌មានខេត្តកំពង់ស្ពឺទាំងអស់ត្រូវ ក្តាប់រាល់ព័ត៌មាន និងប្រតិកម្មនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឆ្លើយតប និងផ្តល់ព័ត៌មានពិតបានទាន់ពេលវេលា និងបន្តផ្សព្វផ្សាយ និងអប់រំដល់សាធារណជនឱ្យយល់ដឹងពីផលប៉ះពាល់ នៃព័ត៌មានក្លែងក្លាយ និងរបៀបផ្ទៀងផ្ទាត់ព័ត៌មានមុននឹងជឿ ឬចែករំលែក (Share)។

អ្នកនាំពាក្យក្រសួងព័ត៌មាបានបន្ថែមទៀតថា ការងារព័ត៌មាន និងសាធារណមតិ គឺជាយន្តការស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងព័ត៌មានឌីជីថល ប្រមូលមតិយោបល់ និងផ្សព្វផ្សាយគោលនយោបាយនានាទៅកាន់ប្រជាពលរដ្ឋ។ យន្តការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ព្រមទាំងបង្កើនការជឿទុកចិត្តរបស់សាធារណជនមកលើរដ្ឋបាលសាធារណៈ៕

ដោយ៖ ម៉ែន ប៊ុនធីម





