កីឡាករវាយកូនបាល់ អ៊ីវ៉ាណូវ ទទួលបានពានរង្វាន់ជើងឯកពិភពលោកយុវជនរបស់សហព័ន្ធវាយកូនបាល់អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ -- កីឡាករ អ៊ីវ៉ាន អ៊ីវ៉ាណូវ បានទទួលពានរង្វាន់ជើងឯកពិភពលោកយុវជនឆ្នាំ២០២៥ របស់សហព័ន្ធវាយកូនបាល់អន្តរជាតិ នៅក្នុងពិធីប្រគល់រង្វាន់ជើងឯកវាយកូនបាល់ពិភពលោក នៅសារមន្ទីរវីកតូរីយ៉ា និងអាល់បឺត ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យ។
លោក អ៊ីវ៉ាណូវ គឺជាកីឡាករវាយកូនបាល់ប៊ុលហ្គារីដំបូងគេដែលទទួលបានពានរង្វាន់សហព័ន្ធវាយកូនបាល់អន្តរជាតិដ៏មានកិត្យានុភាពក្នុងប្រភេទនេះ។
កាលពីរដូវកាលមុន កីឡាករ អ៊ីវ៉ាណូវ បានឈ្នះពានរង្វាន់វាយកូនបាល់ឯកត្តជនបុរសនៅ Wimbledon និង US Open ដោយបានក្លាយជាកីឡាករដំបូងគេចាប់តាំងពីកីឡាករ Tseng Chun-hsin ក្នុងឆ្នាំ២០១៨ ដែលបានឈ្នះពានរង្វាន់ Grand Slam យុវជនពីរលើកក្នុងរដូវកាលតែមួយ។ លោកក៏បានក្លាយជាជនជាតិប៊ុលហ្គារីទីពីរដែលឈ្នះពានរង្វាន់ Grand Slam ផ្នែកយុវជនបន្ទាប់ពីកីឡាករ ហ្រ្គីហ្គោរ ឌីមីត្រូវ បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រៅពីពានរង្វាន់ Grand Slam ទាំងពីរ កីឡាករ អ៊ីវ៉ាណូវ ក៏បានឈ្នះការប្រកួត J300 នៅប្រទេសបារាំង និងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ J500 នៅទីក្រុងមីលែនរបស់ប្រទេសអ៊ីតាលី។ លទ្ធផលជាប់លាប់របស់លោកបានរក្សាលោកឱ្យនៅកំពូលតារាងចំណាត់ថ្នាក់ពិភពលោកយុវជនរយៈពេល ៤៧សប្តាហ៍ដ៏គួរឱ្យចាប់អារម្មណ៍។
សហព័ន្ធវាយកូនបាល់ប៊ុលហ្គារី បាននិយាយថា នៅខែឧសភា ឆ្នាំ២០២៥ កីឡាករ អ៊ីវ៉ាណូវ បានឈ្នះពានរង្វាន់បុរសជាលើកដំបូងរបស់លោកនៅក្នុងការប្រកួតមួយនៅប្រទេសហុងគ្រី ហើយនៅក្នុងខែកញ្ញា លោកបានបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ Davis Cup សម្រាប់ប្រទេសប៊ុលហ្គារីក្នុងជ័យជម្នះលើប្រទេសហ្វាំងឡង់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





