តារាចម្រៀងជនជាតិប៊ុលហ្គារី អេលីហ្សាប៊ែត វីស៊ីយ៉ូ ឈ្នះមេដាយមាសក្នុងការប្រកួតតន្ត្រីនៅទីក្រុងរីមីនី
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ -- តារាចម្រៀងប៊ុលហ្គារីអាយុប្រាំបួនឆ្នាំ ឈ្មោះ អេលីហ្សាប៊ែត វីស៊ីយ៉ូ បានឈ្នះមេដាយមាសនៅក្នុងការប្រកួតតន្ត្រី Magia Italiana នៅទីក្រុងរីមីនី របស់ប្រទេសអ៊ីតាលី។ នេះបើយោងតាមការឱ្យដឹងពីឪពុករបស់នាង គឺអ្នកនិពន្ធ ចច វីស៊ីយ៉ូ។
នៅក្នុងពិធីប្រគល់ពានរង្វាន់ តារាចម្រៀង អេលីហ្សាប៊ែត បានសម្តែងបទចម្រៀងដែលមានចំណងជើងថា Bangaranga រួមជាមួយកុមារចំនួន១៣០នាក់មកពីប្រទេសដែលចូលរួមទាំងអស់។ បទចម្រៀងរបស់ ដារីណា យ៉ូតូវ៉ា (Dara) បានឈ្នះការប្រកួតចម្រៀង Eurovision ឆ្នាំ២០២៦។
ការប្រកួតនេះបានប្រមូលផ្តុំអ្នកសម្តែងវ័យក្មេងមកពី ១៥ប្រទេសនៅអឺរ៉ុប ក៏ដូចជាអ្នកចូលរួមមកពីហ្សកហ្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងហ្វីលីពីន។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសិល្បៈKarnolsky ក្រោមការឧបត្ថម្ភរបស់លោក ហ្រ្វេនកូ កាស្ទែលលីនី កុងស៊ុលកិត្តិយសរបស់ប្រទេសប៊ុលហ្គារីប្រចាំតំបន់ Emilia-Romagna ដែលបានប្រគល់មេដាយមាស និងសញ្ញាបត្រពិសេសដែលចុះហត្ថលេខា និងបោះត្រាដោយសេវាកុងស៊ុលប៊ុលហ្គារីប្រចាំប្រទេសអ៊ីតាលីដល់តារាចម្រៀង អេលីហ្សាប៊ែត។
តារាចម្រៀង អេលីហ្សាប៊ែត បានថ្លែងអំណរគុណដល់ទស្សនិកជនជាភាសាអ៊ីតាលី បន្ទាប់ពីទទួលបានពានរង្វាន់។
ជ័យជម្នះនេះ គឺជាពានរង្វាន់អន្តរជាតិលើកទីប្រាំរបស់ អេលីហ្សាប៊ែតបន្ទាប់ពីជ័យជម្នះនៅទីក្រុងលីម៉ាស់សូល កាលពីក្នុងខែមិថុនា ឆ្នាំ២០២៥ទីក្រុងហ្សាហ្រ្គេប កាលពីក្នុងខែមីនា ឆ្នាំ២០២៦ ទីក្រុងទ្រីស្តេ កាលពីក្នុងខែមេសា ឆ្នាំ២០២៦ និងទីក្រុងថេសសាឡូនីគី កាលពីក្នុងខែឧសភាឆ្នាំ២០២៦៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





