ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦--ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) គាំទ្រការអភិវឌ្ឍឧស្សាហកម្ម សម្រួលពាណិជ្ជកម្មអន្តរជាតិ និងលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផល និងការការពារអ្នកប្រើប្រាស់។

ក្នុងកិច្ចប្រជុំលើកទី៣៣ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានអនុម័តស្តង់ដារអន្តរជាតិ និងស្តង់ដារតំបន់ថ្មីចំនួន ៤៣ស្តង់ដារ និងវិសោធនកម្មចំនួន ២ស្តង់ដារ ជាស្តង់ដារកម្ពុជា។ ស្តង់ដារទាំងនេះ រួមមាន៖ ស្តង់ដារសហភាពអឺរ៉ុប (Eurocode) ចំនួន ១៣, ស្តង់ដារ ISO ចំនួន ២៦, ស្តង់ដារ IEC ចំនួន ៤, និងវិសោធនកម្មស្តង់ដារចំនួន ២ ។

ជាមួយគ្នានេះ ស្តង់ដារដែលបានអនុម័តគ្របដណ្តប់លើវិស័យចម្រុះ រួមមានវិស័យសំណង់និងវិស្វកម្ម សារធាតុនិងផលិតផលគីមី ប្រព័ន្ធគ្រប់គ្រង ផលិតផលអគ្គិសនីនិងអេឡិចត្រូនិក ផលិតផលកៅស៊ូ យានយន្ត គ្រឿងសម្អាង និងផលិតផលឈើ។ ទន្ទឹមនេះ ស្តង់ដារទាំងអស់ត្រូវបានពិនិត្យ និងឯកភាពដោយគណៈកម្មការបច្ចេកទេសចំនួន ៨ មុននឹងដាក់ជូនក្រុមប្រឹក្សាស្តង់ដារជាតិអនុម័ត។
ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានថ្លែងបញ្ជាក់ថា ស្តង់ដារបានក្លាយជាឧបករណ៍គន្លឹះក្នុងការការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិ ក្នុងបរិបទដែលពាណិជ្ជកម្មពិភពលោកកាន់តែមានភាពប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធ។ ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា៖ «គោលបំណងរបស់យើង គឺការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិរបស់កម្ពុជា ហើយពាណិជ្ជកម្មអន្តរជាតិកាន់តែពឹងផ្អែកលើស្តង់ដារ។ ប្រសិនបើយើងមិនចូលរួមក្នុងការរៀបចំស្តង់ដារទាំងនោះទេ យើងមិនអាចការពារផលប្រយោជន៍របស់ធុរកិច្ច និងអ្នកនាំចេញរបស់យើងប្រកបដោយប្រសិទ្ធភាពបានទេ។»

ឯកឧត្តមរដ្ឋមន្រ្ដីក៏បានបង្ហាញអំពីវឌ្ឍនភាពនៃការចូលរួមរបស់កម្ពុជា ក្នុងអង្គការស្តង់ដារអន្តរជាតិ ដូចជាអង្គការ ISO អង្គការ IEC និង អង្គការ Codex Alimentarius ដែលនឹងអនុញ្ញាតឱ្យកម្ពុជារួមចំណែកកាន់តែសកម្មក្នុងការអភិវឌ្ឍស្តង់ដារអន្តរជាតិ ដើម្បីធានាឧត្តមប្រយោជន៍របស់កម្ពុជាក្នុងដំណើរការរៀបចំស្តង់ដារទាំងនោះ។ ឯកឧត្តមដរដ្ឋមន្រ្ដីបានបន្ថែមថា៖ «តាមរយៈការចូលជាសមាជិកពេញសិទ្ធិរបស់អង្គការ ISO កម្ពុជាមិនមែនត្រឹមតែជាអ្នកសង្កេតការណ៍នៅក្នុងដំណើរការរៀបចំស្តង់ដារអន្តរជាតិទៀតទេ។ យើងមានសិទ្ធិបោះឆ្នោត និងមានសំឡេង ក្នុងការការពារផលប្រយោជន៍របស់កម្ពុជា និងចូលរួមកំណត់ស្តង់ដារដែលមានឥទ្ធិពលដល់សេដ្ឋកិច្ចរបស់យើង»។
សូមជម្រាបជូនថា ក្រៅពីអនុម័តស្តង់ដារទាំង ៤៥ ក្រុមប្រឹក្សាស្តង់ដារជាតិ ក៏បានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធធ្វើជាតំណាងកម្ពុជា នៅក្នុងគណៈកម្មាធិការបច្ចេកទេសរបស់អង្គការ ISO, IEC និង Codex ដែលជាយន្តការសំខាន់ចំពោះផលប្រយោជន៍យុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរបស់កម្ពុជា។

សម្រាប់ស្តង់ដារទាំងនេះ នឹងបម្រើជាមូលដ្ឋានសម្រាប់ការរៀបចំបទប្បញ្ញត្តិបច្ចេកទេសក្នុងវិស័យពាក់ព័ន្ធ លើកកម្ពស់គុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងនៃផលិតផល និងសេវាកម្ម ពង្រឹងការការពារសុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ សម្រួលពាណិជ្ជកម្ម និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមស្តង់ដារអន្តរជាតិ៕
ដោយ៖ រិទ្ធី, ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍





