ចិន និងរុស្ស៊ី បញ្ចប់ការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ -- សមយុទ្ធ «Joint Sea-2026» រវាងប្រទេសចិន និងរុស្ស៊ី បានបញ្ចប់នៅកំពង់ផែយោធាមួយក្នុងទីក្រុងឈីងតៅ ក្នុងខេត្តសានទុង ភាគខាងកើតប្រទេសចិន កាលពីថ្ងៃចន្ទ ដោយបេសកកម្មសមយុទ្ធដែលបានគ្រោងទុកទាំងអស់ត្រូវបានបញ្ចប់។
បន្ទាប់ពីការបញ្ចប់សមយុទ្ធ កងកម្លាំងចូលរួមមួយចំនួនរបស់ប្រទេសទាំងពីរបានចេញដំណើរទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីអនុវត្តន៍ការល្បាតរួមគ្នា។
កងកម្លាំងកងទ័ពជើងទឹកទាំងពីរបានបញ្ជូននាវាចំនួន ១០គ្រឿង រួមទាំងអង្គភាពលើដីគោក ក្រោមទឹក លើអាកាស និងអង្គភាពគាំទ្រមកកាន់សមយុទ្ធនេះ ដែលផ្តោតលើ «ការរួមគ្នាទប់ទល់នឹងហានិភ័យសន្តិសុខដែនសមុទ្រ»។
ក្នុងអំឡុងពេលនៃដំណាក់កាលរៀបចំផែនការកំពង់ផែ ភាគីទាំងពីរបានធ្វើសកម្មភាពផ្សេងៗ រួមទាំងការក្លែងធ្វើលើតុ ដំណើរទស្សនកិច្ចនាវាសិក្ខាសាលាវិជ្ជាជីវៈ និងពិធីទទួលភ្ញៀវ រួមជាមួយនឹងការប្រកួតបាល់បោះ។
នៅលើសមុទ្រ ពួកគេបានធ្វើការហ្វឹកហាត់កម្លាំងផ្ទាល់ និងបាញ់គ្រាប់ពិត រួមទាំងការឈ្លបយកការណ៍រួមគ្នា ការការពារប្រឆាំងដែនអាកាស និងប្រឆាំងមីស៊ីល ការវាយប្រហារប្រឆាំងផ្ទៃទឹក និងការជួយសង្គ្រោះនាវាមុជទឹករួមគ្នា។
សមយុទ្ធរួមគ្នានេះ ក្លែងធ្វើបរិយាកាសប្រយុទ្ធដែនសមុទ្រ និងលើអាកាសពិតប្រាកដទាំងស្រុង ដោយផ្តោតលើការប្រយុទ្ធយ៉ាងខ្លាំង នេះបើយោងតាមប្រធាននាយកសមយុទ្ធចិន។
សមយុទ្ធ «Joint Sea-2026» ដែលបានដាក់ឱ្យដំណើរការនៅថ្ងៃទី៦ខែកក្កដា គឺជាសមយុទ្ធទី១២ ក្នុងស៊េរីសមយុទ្ធដែលមានតាំងពីឆ្នាំ២០១២ ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





