សមាគមនារីក្រសួងសង្គមកិច្ច បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦--គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងសង្គមកិច្ចបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាព លោកជំទាវ ជា ផល្គុន ជា សុមេធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីស្តាប់របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងផែនការអនុវត្តន៍បន្ត នៅទីស្តីការក្រសួង។

លោកជំទាវ ជា ផល្គុន ជា សុមេធី មានប្រសាសន៍ថា ភាពជោគជ័យដ៏ត្រចះត្រចង់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ «មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២» ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលមហាសន្និបាតនេះមានការចូលរួមពីសមាជិកជាង ១០០ប្រទេស មកពីជុំវិញពិភពលោក ហើយដែលកម្ពុជាទទួលបាននូវការកោតសរសើរ និងការសាទរយ៉ាងខ្លាំងពីមិត្តអន្តរជាតិ។

លោកជំទាវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនារីទាំងអស់ ជាពិសេសសសាខាមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងសង្គមកិច្ច ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌និងសង្គមនាពេលកន្លងមក ការចូលរួមលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ព្រមទាំងការងារជំរុញអភិវឌ្ឍន៍វិស័យសង្គមកិច្ចនៅកម្ពុជា ដែលជាតួនាទីស្នូលដ៏មានសារៈសំខាន់ និងមិនអាចខ្វះបានពីការចូលរួមរបស់ស្ត្រី ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវប្រធានកិត្តិយស ក៏បានជំរុញលើកទឹកចិត្តបន្ថែមទៀតដល់បងប្អូននារីយើង ចូលរួមថែរក្សាសន្តិភាព និងប្រកាន់ខ្ជាប់ជានិច្ចនូវអំពើល្អ សីលធម៌ និងគុណតម្លៃស្ត្រីខ្មែរ ថែមទាំងជំរុញឱ្យសមាគមនារី និងមន្ត្រីនារីទាំងអស់បន្តខិតខំអនុវត្តន៍ការងារដោយការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ចេះជួយគ្នា ចែករំលែកគ្នាទាំងស្មារតី កម្លាំងកាយ កម្លាំងចិត្ត ក៏ដូចជាសម្ភារ ថវិកាទៅតាមលទ្ធភាពដែលអាចធ្វើបាន សំដៅកសាងសមានចិត្ត និងសុខដុមនីយកម្មទាំងខាងក្នុង និងខាងក្រៅ៕
ដោយ ណយ នឿន (ប្រភព៖ក្រសួងសង្គម)





