មន្រ្តីជំនាញអះអាងថា ការតុបតែងស្លៀកពាក់បុរាណថតរូប និងចូលទស្ស នាអង្គរមានប្រមាណ៧០ភាគរយ ជាសម្លៀកបំពាក់មិនមែនវប្បធម៌បុរាណខ្មែរ
AKP សៀមរាប ថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២៦--លោក ចាន់ សោភ័ន មន្ដ្រីការិយាល័យសូន្យរូប និងសិប្បៈកម្ម នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដសៀមរាប នៅក្នុងឱកាសចទៅពិនិត្យ និងណែនាំដល់អាជីវ ករជាជួល និងតុបតែងសម្លៀកបំពាក់បុរាណ នៅមុខអង្គរវត្តកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះថា ពេលបច្ចុប្បន្ននេះ មានអាជីវករមួយចំនួន ដែលកំពុងបំរើសេវាតុបតែងសម្លៀកបំ ពាក់ឱ្យភ្ញៀវទេសចរស្លៀកពាក់ តាមប្រពៃណីខ្មែរ ចូលទស្សនា និងថតរូបនៅអង្គរ មិនត្រឹមត្រូវតាមទម្រង់ដើមនិងសម័យកាលទេ គឺ៧០ភាគរយ បានខុសពីទម្រង់ដើមនៃសម្លៀកបំពាក់បុរាណខ្មែរ ដោយសារតែការប្រើក្រណាត់និងគ្រឿងអលង្ការ មិនត្រឹមត្រូវទៅតាមឋានៈរបស់មនុស្សខ្មែរ ក្នុងសម័យបុរាណជាដើម។

លោកបញ្ជាក់ថា តាមសង្កេត ឃើញថាការតុបតែងខ្លួនចូលទៅទស្សនាតំបន់អង្គរជាច្រើន កំពុងប្រើក្រណាត់របស់ប្រទេសថៃ ក្រណាត់របស់ប្រទេសឡាវ និងខ្លះទៀត ជាក្រណាត់ដែលផលិតនៅប្រទេសចិន ដើម្បីតុបតែងជាម៉ូដបុរាណខ្មែរ។ ការធ្វើបែបនេះគឺខុសពីទម្រង់ប្រពៃណីដើម អត្តសញ្ញាណ និងវប្បធម៌របស់ខ្មែរ ដែលមានជាយូរមកហើយ។

អ្នកជំនាញផ្នែកទម្រង់សិល្បៈនិងសម្លៀ កបំពាក់របស់បុរាណខ្មែរ ពន្យល់ថា ការស្លៀកពាក់តាមបែបបុរាណខ្មែរ គឺត្រូវតែប្រើកក្រណាត់និងគ្រឿងអលង្ការនានាដែលបង្កើតឡើងដោយស្នាដៃខ្មែរ ត្រូវមានទម្រង់ច្បាស់លាស់ទៅតាមឋានៈរបស់មនុស្ស ឧទាហរណ៍ដូចជាសម្លៀក បំពាក់ហូលដែលធ្វើពីសូត្រ សម្រាប់ព្រះមហាក្សត្រ ម្ចាស់ក្សត្រីយ៍ ក្រណាត់ល្បើកនិងលើ្បកជ័រជើង សម្រាប់ឋានៈសេដ្ឋី គហបតីនិងកក្រណាត់ដែលត្បាញពីកប្បាស សម្រាប់មនុស្សសាមញ្ញទូទៅជាដើម។

ការស្លៀកពាក់តាមបែបបុរាណខ្មែរ ដែលមានប្រមាណជាង១ពាន់ម៉ូដ ត្រូវគេជឿថា មិនត្រឹមតែជាការយកសំពត់មករុំព័ទ្ធ ដើម្បីបិទបាំងរាងកាយប៉ុណ្ណោះទេ វាក៏អាចបង្កើតជាសិរីសួស្ដី ជ័យមង្គលនិងជោគជតារាសី ទៅដល់អ្នកស្លៀកពាក់ណា ដែលធ្វើបានត្រឹមត្រូវតាមក្បួនខ្នាតផងដែរ។
លោក ទេស សុធី អនុប្រធាននាយកដ្ឋា នអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរាថ្លែងថា ការស្លៀក ពាក់ឱ្យភ្ញៀវទេសចរ ចូលទស្សនាអង្គរ តាមបែបបុរាណខ្មែរមួយចំនួន ដែលមិនត្រឹមត្រូវតាមទម្រង់ដើម កំពុងមានការរិះគន់ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃវប្បធម៌ខ្មែរ។

ជាមួយគ្នានោះដែរអាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប សំណូមពរឱ្យក្រុមអាជីវករ បញ្ឈប់ការប្រើប្រាស់ក្រណាត់បរទេស ដូចរបស់ប្រទេសថៃ ប្រទេសឡាវ និងចិនជាដើម។ កុំយកមកតុបតែងតាមម៉ូដសម្លៀកបំពាក់បុរាណខ្មែរឱ្យភ្ញៀវទេសចរដែលចូលទស្សនាអង្គរតទៅទៀត។អាជ្ញាធរជាតិអប្សរា បានដាក់កំរិតថាចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦តទៅ ចំពោះការស្លៀកពាក់តាមបែបបុរាណខ្មែរណា ដែលមិនសមរម្យ ខើចលើ ខើចក្រោម គឺមិនអនុញ្ញាត ឱ្យចូលទៅទស្សនាអង្គរទៀតទេ។
ចំណែកការស្លៀកពាក់តាមបែបបុរាណខ្មែរ ប៉ុន្តែប្រើក្រណាត់មកពីថៃ មកពីឡាវនិងចិន និងការតុបតែងម៉ូដសម្លៀក បំពាក់តាមសម័យចេនឡាជាដើម គឺត្រូវបញ្ចប់ជាស្ថាពរ នៅត្រឹមខែមករា ឆ្នាំ២០២៧ ខាងមុខ។

អ្នកជំនាញបន្តថា ផ្អែកតាមជំនឿឱ្យដឹងថាការស្លៀកពាក់ តាមបែបបុរាណខ្មែរណា ដែលខុសពីទម្រង់ដើម មិនត្រឹមតែធ្វើឱ្យបាត់បង់វប្បធម៌ អត្តសញ្ញាណនិងប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ គឺសម្លៀ កបំពាក់ដែលខុសខ្លះ ក៏ធ្វើឱ្យអ្នកស្លៀកពាក់បែរជាអ័ព្វរាសី និងការស្លៀកពាក់ខ្លះទៀត ក៏ធ្វើឱ្យអ្នកស្លៀកពាក់ បែរជាត្រូវបណ្ដាសារ បាត់បង់ឋានៈសក្តិយស រកស៊ីមិនឡើង មានការឈ្លោះទាស់ទែងក្នុងក្រុមគ្រួសារ រហូតដល់បែកបាក់គ្នា និងកូននៅក្នុងគ្រួសារមានជំងឺជាដើម៕
ដោយ៖ ឃុត សៅ





