មូលនិធិ SDF បណ្តុះបណ្តាលការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍កម្រិតស្តង់ដាអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦--នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជុំនាញ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ SDF ឯកឧត្តម គី សុខគីម កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តសៀមរាប បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិនៃសេវាកម្មសណ្ឋាគារ ស្របតាមស្មារតីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន»។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម សុខគីម បានគូសបញ្ជាក់ថា «បណ្តាប្រទេសក្នុងតំបន់អាស៊ានកំពុងបោះជំហានយ៉ាងលឿនក្នុងការអភិវឌ្ឍ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដែលទាមទារឱ្យកម្ពុជាត្រូវបង្កើនការវិនិយោគលើការអភិវឌ្ឍជំនាញ និងធនធានមនុស្សឱ្យកាន់តែសកម្ម ជាពិសេសសម្រាប់តំបន់ដែលមានសក្តានុពលទេសចរណ៍ខ្ពស់ ដូចជាខេត្តសៀមរាប»។ ការបង្កើតធនធានគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិស្របតាមស្តង់ដាអាស៊ាន គឺជាគន្លឹះយុទ្ធសាស្ត្រក្នុងការឆ្លើយតបទៅនឹងចក្ខុវិស័យជាតិឆ្នាំ២០៥០ ព្រមទាំងបង្ហាញពីការរួមគ្នាបង្កើតប្រព័ន្ធអេកូឡូស៊ីបណ្តុះបណ្តាលជំនាញដ៏រឹងមាំ ដើម្បីធានាវឌ្ឍនភាព និងនិរន្តរភាពនៃវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានបន្តអញ្ជើញទៅទស្សនកិច្ចសិក្សាដោយផ្ទាល់នៅសាលាសណ្ឋាគារ សាលាបាយ (Sala Baï Hotel & Restaurant School) និងអង្គការស្លាបព្រាកម្ពុជា (Spoons Cambodia Organization) ដើម្បីស្វែងយល់បន្ថែមឱ្យកាន់តែស៊ីជម្រៅ ពីដំណើរការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច របស់គ្រឹះស្ថានបណ្ដុះបណ្ដាលជាដៃគូ។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងយ៉ាងឆាប់រហ័សនៅក្នុងតំបន់។ ព្រមទាំងសិក្ខាកាម ៨០ នាក់ មកពីស្ថាប័នរដ្ឋនិងឯកជន។ ជាមួយគ្នានេះ កម្មវិធីក៏មានពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមគ្រូបង្គោលចំនួន ២៧ នាក់ ដែលបានបញ្ចប់វគ្គសិក្សាមុនដោយជោគជ័យ។

គិតមកទល់បច្ចុប្បន្ននេះ SDF បានគាំទ្រការបណ្តុះបណ្តាលជំនាញដល់សិក្ខាកាមសរុបចំនួន ៩៣ ៧៨០ នាក់ មានស្រ្ដី ៣៣ភាគរយ ។ ដោយឡែក សម្រាប់វិស័យទេសចរណ៍ SDF បានគាំទ្រការបណ្តុះបណ្តាលដល់សិក្ខាកាមចំនួន ៨ ៤៨៩ នាក់ ជាស្រ្តី ៤៥ភាគរយ ដែលក្នុងនោះ សម្រាប់ខេត្តសៀមរាបមានចំនួន ៥ ៩៤០ នាក់ ដើម្បីឆ្លើយតបទៅនឹងសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានឥទ្ធិពលក្នុងតំបន់ ៕
ដោយ៖ ណយ នឿន (ប្រភព៖SDF)





