រដ្ឋបាលរាជធានីភ្នំពេញសាងសង់សួនដើមឈើ១កន្លែងនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យទើប ទទួលបានពីជនជាតិជប៉ុន សំរាប់ឱ្យប្រជាពលរដ្ឋដើរហាត់ប្រាណ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៦--សួនដើមឈើមួយកន្លែងស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញ ទើបទទួលបានពីជនជាតិជប៉ុន គ្រោងនឹងកែលំអរឡើងវិញ សំរាប់ឱ្យប្រជាពលរដ្ឋបានមកដើរលេងកំសាន្ត និងហាត់ប្រាណ ដើម្បីសុខភាព ស្របទៅតាមការចង់បានរបស់ម្ចាស់អំណោយ។
ដើម្បីឱ្យគម្រោងនេះលេញចេញជារូបរាងឆាប់ៗ នៅរសៀលថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៦នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ សង្កាត់ ចុះពិនិត្យផ្ទាល់ និងបានណែនាំឱ្យកែលម្អ ទាំងការដាំដើមឈើបន្ថែម និងកែលម្អហេដ្ឋារចនា សម្ព័ន្ធមួយចំនួនផងដែរ។


ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ទីតាំងខាងលើនេះត្រូវរៀបចំឱ្យបានស្អាត ដោយដើមឈើខ្លះ ត្រូវជ្រើសរើសដាំបន្ថែម ព្រមទាំងកែលម្អបន្ទប់ទឹកឡើង វិញ។ ចំពោះប្រឡាយទឹកដែលមានស្រាប់ត្រូវ លែងត្រីគល់រាំង ត្រីរាជ និងត្រីមួយចំនួនទៀត។ បន្ថែមពីនេះ ផ្លូវចូលដែលអមដោយដើមឈើធំៗ ស្រាប់ត្រូវចាក់ជាផ្លូវបេតុងទទឹង ៨ម៉ែត្រ។ គម្រោងនេះអាចនឹងរួចរាល់ នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ ក្រោយកែលម្អឡើងវិញរួចរាល់ រដ្ឋបាលរាជធានីភ្នំពេញនឹង សម្ពោធដាក់ជូនបងប្អូនប្រជាពលរដ្ឋបានចូលមកដើរលេងកំសាន្ត និងហាត់ប្រាណ ដើម្បីសុខភាព ស្របទៅតាមការចង់បានរបស់ម្ចាស់អំណោយ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ទីតាំងនេះមានផ្ទៃដីជាង៣ហិចតា យើងត្រូវរៀបចំឱ្យមានធុង សំរាម និងមានបង់អង្គុយលេងផងដែរ។


សូមបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ ទើទទួលបានសួនដើមឈើខាងលើ ពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន តាមរយៈការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងប្រគល់ជូនដោយលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) និងរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ជាស្វាមីរបស់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) គាត់ស្រឡាញ់ប្រទេសកម្ពុជា ហើយក៏ស្រឡាញធម្មជាតិខ្លាំងដែរ ៕

ដោយ សួស សំរិត





