ឯកឧត្តម សុត រស្មី ដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំ និងប្រគល់-ទទួលប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងស្វាយរៀង
AKPភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃចន្ទទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេៈ បានដឹកនាំក្រុមការងារអន្តរក្រសួង រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៦ (ដំណាក់កាលទី១) និងប្រគល់-ទទួលការថែទាំខួបប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តស្វាយរៀង។
ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានចុះពិនិត្យ និងវាយតម្លៃផ្ទាល់លើទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន៖ ទី១) ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ (ជំហាន១) ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ទី២) ប្រព័ន្ធធារាសាស្ត្រកំពង់ជ្រៃ ស្ថិតក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងទី៣) គម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេអូរស្រគាំ ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង។


ឯកឧត្តមបានសង្កត់ធ្ងន់ថា ការថែទាំហេដ្ឋារចនាសម្ព័ន្ធជាប្រចាំ គឺជាកិច្ចការអាទិភាពដើម្បីធានានិរន្តរភាពប្រភពទឹក សម្រាប់ស្រោចស្រពការដាំដុះកសិកម្ម រំដោះជំនន់ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។
និងបានណែនាំឱ្យមន្ទីរជំនាញបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីរួមគ្នាថែរក្សាការពារប្រព័ន្ធធារាសាស្ត្រទាំងនេះឱ្យបានគង់វង្សយូរអង្វែង ធានាដល់ការផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់៕


ដោយ៖ ពេជ្រ សំអឿន( ប្រភព : ក្រសួងធនធានទឹកនិងឧតុនិយម)





