អភិបាលខេត្តកំពង់ស្ពឺគាំទ្រចំពោះការផ្សព្វផ្សាយរថយន្តដឹកកម្មករប្រភេទអគ្គិសនី និងគម្រោងបង្កើតស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីល្បឿនលឿនរបស់ក្រុមហ៊ុន ZO MOTORS Cambodia
AKP កំពង់ស្ពឺ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យ លោក Zhao WenBo តំណាងក្រុមហ៊ុន ZO MOTORS Cambodia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី «ការផ្សព្វផ្សាយរថយន្តដឹកកម្មករប្រភេទអគ្គិសនីដែលមានស្តង់ដារខ្ពស់ និងគម្រោងបង្កើតស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីល្បឿនលឿន (EV Fast Charging Stations)» នៅតាមទីតាំងយុទ្ធសាស្ត្រមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

នៅក្នុងជំនួបពិភាក្សានោះ តំណាងក្រុមហ៊ុន ZO MOTORS Cambodia បានលើកឡើង និងជម្រាបជូនឯកឧត្តមអភិបាលខេត្តអំពីផែនការយុទ្ធសាស្ត្របៃតងរបស់ក្រុមហ៊ុន ដែលផ្តោតលើចំណុចគន្លឹះពីរ។ ទីមួយ គឺការណែនាំ និងផ្សព្វផ្សាយនូវរថយន្តដឹកជញ្ជូនកម្មករ-កម្មការិនី ប្រភេទអគ្គិសនី (EV) ដែលមានស្តង់ដារបច្ចេកទេស និងសុវត្ថិភាពខ្ពស់ ជួយសន្សំសំចៃការចំណាយ និងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានជាអតិបរមា ស្របតាមនិន្នាការលើកកម្ពស់សុខសុវត្ថិភាពបងប្អូនកម្មករនិយោជិត។ ទីពីរ គឺគម្រោងបង្កើតស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីល្បឿនលឿន នៅតាមចំណុចគោលដៅសំខាន់ៗ ដើម្បីផ្តល់ភាពងាយស្រួល ផាសុកភាព និងទំនុកចិត្តដល់អ្នកប្រើប្រាស់យានយន្តអគ្គិសនី ព្រមទាំងស្នើសុំការណែនាំ និងការជួយសម្របសម្រួលលើការជ្រើសរើសទីតាំងរៀបចំពីរដ្ឋបាលខេត្ត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងអំពីសក្តានុពលដ៏ធំធេងរបស់ខេត្តកំពង់ស្ពឺ ដោយបានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ស្ពឺកំពុងដើរតួនាទីជា «ប៉ូលសេដ្ឋកិច្ច និងឧស្សាហកម្មដ៏សំខាន់» របស់ប្រទេសកម្ពុជា ដែលសម្បូរទៅដោយរោងចក្រ សហគ្រាស និងមានកម្លាំងពលកម្មយ៉ាងច្រើនកុះករ។ ម្យ៉ាងវិញទៀត ភូមិសាស្ត្រខេត្ត គឺជាចំណុចយុទ្ធសាស្ត្រដ៍មានប្រៀប ដោយមានបណ្តាញដឹកជញ្ជូន និងចរាចរណ៍មមាញឹក ជាពិសេសផ្លូវជាតិលេខ៤ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ជាមួយគ្នានេះ និន្នាការនៃការប្រើប្រាស់រថយន្តអគ្គិសនី (EV) នៅក្នុងខេត្ត ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ គឺមានការកើនឡើងជាលំដាប់។

ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះគម្រោងទាំងពីររបស់ក្រុមហ៊ុន ដែលពិតជាមានសារៈសំខាន់ និងចាំបាច់បំផុត។ ការផ្សព្វផ្សាយរថយន្តដឹកកម្មករប្រភេទអគ្គិសនីដែលមានស្តង់ដារខ្ពស់ មិនត្រឹមតែជួយការពារអាយុជីវិតបងប្អូនកម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរស្របគ្នាយ៉ាងល្អឥតខ្ចោះ ទៅនឹងគោលនយោបាយអភិវឌ្ឍន៍បៃតងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការបំភាយឧស្ម័នពុល និងការពារបរិស្ថាន។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹង និងបានណែនាំឱ្យក្រុមហ៊ុនសហការជាមួយមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីចុះសិក្សាពីទីតាំងភូមិសាស្ត្រ និងលក្ខណៈបច្ចេកទេសជាក់ស្តែងឱ្យបានលម្អិត និងលឿនរហ័ស សំដៅរុញច្រានឱ្យគម្រោងដ៏មានសារៈសំខាន់នេះ លេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗខាងមុខនេះ៕
ដោយ ម៉ែន ប៊ុនធីម





