លោក ហែម គីរី ៖ គ្រូបង្វឹកហែលទឹកកម្រិតមូលដ្ឋាន ៤៩នាក់ ចូលរួមវគ្គបណ្តុះបណ្តាលច្រើនលើសពីការរំពឹងទុក
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦--វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកកម្រិតមូលដ្ឋាន ដែលមានសិក្ខាកាមចូលរួមសរុប ៤៩នាក់មកពីសាលារៀនឯកជនអន្តរជាតិ និងក្លឹបហែលទឹក និងសាលារដ្ឋមួយចំនួនបានបិទបញ្ចប់ដោយជោគជ័យ ខណៈមន្ត្រីជំនាញសហព័ន្ធបានចាត់ទុកថា នេះជាឱកាសដ៏ល្អសម្រាប់ពួកគាត់ឈ្វេងយល់អំពីការបង្ហាត់បង្រៀនហែលទឹកជូនដល់កុមារ យុវជន និងមហាជន ក្រោយសហព័ន្ធសម្លឹងឃើញពីសកម្មភាពបង្ហាត់បង្រៀនទូទៅមិនទាន់បានត្រឹមត្រូវ និងទទួលស្គាល់ពីសហព័ន្ធជំនាញ។

នេះជាគូសបញ្ជាក់របស់លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក នៅក្នុងឱកាសបិទវគ្គ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការសហព័ន្ធ រាជធានីភ្នំពេញ ក្រោមការរៀបចំដោយសហព័ន្ធ ។

លោក ហែម គីរី បានសង្កត់ធ្ងន់ថា គោលបំណងនៃវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកកម្រិតមូលដ្ឋានរយៈពេល២ថ្ងៃនេះ គឺយើងឃើញថា ដោយសារតែបណ្តាក្លឹបហែលទឹកនៅតាមសាលារៀនបណ្តុះបណ្តាលសិស្សានុសិស្សរបស់ខ្លួនពុំទាន់បានត្រឹមត្រូវ និងពុំទាន់មានការទទួលស្គាល់ពីសហព័ន្ធកីឡាជាតិ។ ដូច្នេះហើយ តាមរយៈវគ្គបណ្តុះបណ្តាលនេះ គឺជាជំហានទី១ ដែលសហព័ន្ធខ្មែរកីឡាហែលទឹកបានផ្តល់ឱកាសជូនដល់គ្រូបង្វឹកមកពីសាលារៀនឯកជន និងក្លឹបហែលទឹកមួយចំនួនកំពុងបណ្តុះបណ្តាលជូនដល់កុមារ មហាជននៅតាមទីតាំងអាងទឹករបស់ខ្លួនឱ្យយល់ដឹងអំពីវិធីសាស្ត្រក្នុងការបង្ហាត់បង្រៀន គរុកោសល្យនៃគ្រូបង្វឹកហែលទឹក ច្បាប់ទម្លាប់នៃបង្ហាត់បង្រៀនហែលទឹកក្នុងកម្រិតមូលដ្ឋាន។

លោកអគ្គលេខាធិការពន្យល់ថា មូលហេតុចម្បងនៃការបើកវគ្គហែលទឹកកម្រិតមូលដ្ឋាននេះ គឺដោយសារតែសហព័ន្ធបានមើលឃើញថា ក្លឹបបើកការបណ្តុះបណ្តាលមិនទាន់តាមត្រឹមត្រូវ និងការទទួលស្គាល់ពីសហព័ន្ធ។ ដូច្នេះសហព័ន្ធក៏ផ្តល់ឱកាសជូនដល់ពួកគាត់ក្នុងវគ្គសិក្សានេះ ព្រមទាំងផ្តល់វិញ្ញាបណ្ណបត្រដែលមានរយៈពេល២ឆ្នាំ ដើម្បីបន្តការបណ្តុះបណ្តាលនៅក្នុងស្ថាប័នរបស់ពួកគាត់។ វគ្គនេះ សហព័ន្ធមិននឹកស្មានថា សិក្ខាកាមបានចុះឈ្មោះចូលរួមលើសពីរំពឹងទុក ដោយមានចំនួនរហូតដល់ ៤៩នាក់មកពីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និងសាលារៀនអន្តរជាតិ នៅរាជធានីភ្នំពេញ។

លោក ហែម គីរី បន្តថា គ្រូបង្វឹកកម្រិតមូលដ្ឋានបានយល់ដឹងកម្មវិធីបង្រៀនហែលទឹក គរុកោសល្យគ្រូហែលទឹក និងចំណុចចុងក្រោយដឹងពីច្បាប់ទម្លាប់បង្រៀនហែលទឹក។ កន្លងមកសហព័ន្ធធ្លាប់បានវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាហែលទឹក កម្រិតមូលដ្ឋាន តាមស្ថាប័នរដ្ឋរួមមានមន្ទីរអប់រំកាយ និងកីឡាខេត្តជាច្រើន។ សម្រាប់លើកនេះ សហព័ន្ធបានរៀបចំជាមួយគ្រឹះស្ថានអប់រំឯកជន ជាពិសេសក្លឹបហែលទឹកដែលបង្កើតដោយខ្លួនឯងបានបង្រៀនហែលទឹកដល់មហាជន។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកបានមើលឃើញពីភាពវិជ្ជមាននៃការរួបរួមគ្នា ជំរុញដល់ការបណ្តុះបណ្តាលគ្រូហែលទឹក និងបន្តចែករំលែកដល់កីឡាករ កីឡាការិនីហែលទឹកឱ្យកាន់តែមានធនធានសម្បូរបែប និងត្រឹមត្រូវបានបច្ចេកទេសនៃវិស័យកីឡាហែលទឹកផងដែរ៕
ដោយ ហេង ណាលីន





