គ្រូនារីកម្ពុជា៖ យើងប្រឹងប្រែងប្រកួតឱ្យល្អបំផុត ដើម្បីដណ្តើមជ័យជម្នះជូនជាតិ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦--លោក YASUHIRO YOSHIDA គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាបានលើកឡើងក្នុងសន្និសីទសារព័ត៌មានមុនពេលប្រកួតថា ការប្រកួតពានរង្វាន់នារីអាស៊ាន នៅម៉ាឡេស៊ី ពីថ្ងៃទី១៣-២២ ខែកក្កដា ឆ្នាំ២០២៦ យើងមានក្រុមមួយដែលល្អ ជាពិសេសកាលពីប្រកួតកន្លងទៅរបស់នារីកម្ពុជាទាំងមូលពិតជាធ្វើបានល្អ ហើយយើងចង់ឱ្យក្រុមធ្វើឱ្យកាន់តែល្អជាងមុនទៀត សម្រាប់ការប្រកួតទាំងអស់នៅទីនេះ។

លោកលើកឡើងបន្ថែមថា៖ «យើងបានរក្សានូវកីឡាករល្អៗរបស់យើង ជាពិសេសពួកគេមានបទពិសោធន៍រួចហើយ កាលពី២ឆ្នាំមុន ដែលយើងទទួលបានជើងឯករងនៅក្នុងព្រឹទ្ធការណ៍នេះ។ ពួកនឹងខំប្រឹងប្រែងធ្វើឱ្យបានល្អបំផុតនឹងខំប្រឹងប្រែងគ្រប់ការប្រកួតទាំងអស់ ដើម្បីយកជ័យជម្នះជូនប្រទេសរបស់យើង»។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់នារីអាស៊ាន (AFF Women’s Cup 2026) ធ្វើឡើងនៅប្រទេសម៉ាឡេស៊ី មាន៦ប្រទេសចូលរួម ដោយចែកជាពីរពូល ក្នុងនោះក្រុមនារីកម្ពុជា ដែលជាជើងឯករង ស្ថិតក្នុងពូល B ជាមួយ ទីម័រខាងកើត និងក្រុមការពារជើងឯក ឥណ្ឌូណេស៊ី។ ២ប្រកួតរបស់ក្រុមនារីកម្ពុជា ពូល B គឺប៉ះទីម័រខាងកើត នៅល្ងាចថ្ងៃទី១៣ ខែកក្កដានេះ និងបន្តប៉ះឥណ្ឌូណេស៊ី នាថ្ងៃទី១៦ ខែកក្កដាខាងមុខ៕
ដោយ ហេង ណាលីន (រូបភាព៖ FFC)





