សត្វត្មាតផេះជាសត្វស្លាបដ៏កម្របានវិលត្រឡប់មករស់នៅក្នុងតំបន់ការពារធម្មជាតិក្នុងដែនជម្រកសត្វព្រៃលំផាត់វិញ ក្រោយអវត្តមានអស់រយៈពេលជិតមួយទសវត្សរ៍
AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ — សត្វត្មាតផេះត្រូវបានពិភពលោកចាត់ទុកថា ជាប្រភេទបក្សីកម្រជិតផុតពូជបំផុតនោះត្រូវបានគេរកឃើញកំពុងមានវត្តមានឡើងវិញ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្រ្តខេត្តរតនគិរី ភាគឦសាននៃប្រទេសកម្ពុជា។

ការរកឃើញសត្វដ៏កម្រនេះធ្វើឡើងក្នុងអំឡុងពេលធ្វើជំរឿនសត្វត្មាតទូទាំងប្រទេស ដែលបានប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ២០២៦ កន្លងមក។ក្នុងអំឡុងពេលធ្វើជំរឿន អ្នកជំនាញបានកត់ត្រា ត្មាតផេះ ចំនួន ០២ក្បាល ដែលបង្ហាញថា វត្តមានរបស់វានៅតំបន់នេះកំពុងមានសញ្ញាកើនឡើងវិញ ហើយការអភិរក្សបានស្តារប្រភេទនេះឱ្យមានការរស់នៅក្នុងតំបន់តំបន់ការពារធម្មជាតិ។ នេះជាលើកដំបូងដែលប្រភេទបក្សីនេះបានបង្ហាញខ្លួនឡើងវិញក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្រោយពីការបាត់ខ្លួនតាំងពីឆ្នាំ២០១៦។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានលើកឡើងថា ការធ្វើជំរឿនក៏បានកត់ត្រាវត្តមានសត្វត្មាតភ្លើងចំនួន ០៥ក្បាលផងដែរ ដោយក្នុងនោះមានកូនត្មាតចំនួន ០២ក្បាល ដែលបញ្ជាក់ពីភាពជោគជ័យនៃការបន្តពូជនៅក្នុងដែនជម្រកសត្វព្រៃនេះ។ ដូចនេះ ការវិលត្រឡប់របស់សត្វត្មាតផេះ គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ការអភិរក្សសត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ និងជានិមិត្តសញ្ញានៃក្តីសង្ឃឹមសម្រាប់ការស្តារប្រភេទសត្វនេះឡើងវិញ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា “សត្វត្មាតនៅក្នុងប្រទេសកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌធម្មជាតិ ដែលមានតួនាទីដ៏សំខាន់ក្នុងការសម្អាតបរិស្ថាន និងការការពារប្រព័ន្ធអេកូឡូស៊ីនៅតាមតំបន់ការពារធម្មជាតិ។ ការវិលត្រឡប់របស់វាបន្ទាប់ពី ១០ឆ្នាំ មិនត្រឹមតែជាសញ្ញាវិជ្ជមានសម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានន័យសំខាន់សម្រាប់ការពារប្រភេទសត្វដែលកំពុងប្រឈមនឹងការផុតពូជ។ ជាមួយគ្នានេះ វត្តមានត្មាតផេះជាថ្មីនៅក្នុងតំបន់ការពារធម្មជាតិ ភាគឦសាននៃប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ក្រសួងបរិស្ថាន សហការជាមួយអ្នកពាក់ព័ន្ធទាំងអស់"។

ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានក៏ដូចជាអង្គការជីវិតធម្មជាតិនៅកម្ពុជា បន្តលើកទឹកចិត្តការចូលរួមបន្ថែមទៀត ការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសអភិរក្សប្រភេទជីវៈចម្រុះកម្រលើពិភពលោក ដើម្បីធានាបាននូវការរស់រានមានជីវិតយូរអង្វែងរបស់ពួកវា។
សូមបញ្ជាក់ថា លទ្ធផលជំរឿនត្មាតនៅតាមទីតាំងអាហារដ្ឋានត្មាតទូទាំងប្រទេស កត់ត្រាបានត្មាត (ត្មាតត្នោត ត្មាតភ្លើង និងត្មាតផេះ) សរុបចំនួន ១៦៣ក្បាល នៅឆ្នាំ២០២៥៕
ដោយ៖ មករា





