លោក ថាំង វីយុទ្ធដា ជួយជួសជុលផ្លូវថ្មីតាមសំណូមពរ ព្រមទាំងចុះជួបសំណេះសំណាលគ្រួសារងាយរងហានិភ័យ វីរកងទ័ពជួរមុខ និងស្ត្រីទើបសម្រាលកូន
AKP កំពង់ធំ ថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២៦ -- លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ជួយជួសជុលផ្លូវថ្មីតាមសំណូមពរ ព្រមទាំងចុះជួបសំណេះសំណាលជាមួយក្រុមគ្រួសារងាយរងហានិភ័យ វីរកងទ័ពជួរមុខ និងស្ត្រីទើបសម្រាលកូន ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារបក្ស សមាជិក សមាជិកា សរុបប្រមាណ ២២០នាក់ នៅក្នុងភូមិឈើទាល ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងជូនដល់អង្គប្រជុំ ព្រមទាំងបានណែនាំឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់បន្តពង្រឹងស្មារតីទទួលខុសត្រូវ ភាពបុរេសកម្ម និងចុះជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយតម្រូវការបានទាន់ពេល។ លោកបានគូសបញ្ជាក់ថា ការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុង និងប្រសិទ្ធភាពការងារ គឺជាកត្តាស្នូលក្នុងការជំរុញជំនឿទុកចិត្តលើគណបក្ស។

ទន្ទឹមនឹងនេះ ក្នុងកិច្ចប្រជុំក៏បានដាក់ចេញទិសដៅការងារខែកក្កដា ឆ្នាំ២០២៦ ដោយផ្តោតទៅលើការដោះស្រាយបញ្ហាប្រឈម ការពង្រឹងសមត្ថភាពក្រុមការងារ និងការបង្កើនប្រសិទ្ធភាពទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីដណ្តើមប្រៀបឈ្នះសម្រាប់ការបោះឆ្នោតខាងមុខ។


ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន លោកប្រធានក្រុមការងារ បានសម្រេចទទួលយកសំណូមពររបស់បងប្អូនសមាជិកបក្សភូមិឈើទាល ក្នុងការជួយជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែង ៦០០ម៉ែត្រ និងបានឧបត្ថម្ភថវិកាបន្ថែមដើម្បីបង្គ្រប់ការសាងសង់បង្គន់អនាម័យនៅក្នុងបរិវេណវត្តពោធិរោង និងបាននាំយកអំណោយ និងថវិកាចែកជូនដល់គ្រួសារដែលមានតម្រូវការជួយសង្គ្រោះបន្ទាន់ ដែលរួមមានក្រុមគ្រួសារសម្រាលកូនភ្លោះ (ប្រុស០១ ស្រី០១) ដោយទទួលបានកន្ត្រកបេតូច ម្ស៉ៅទឹកដោះគោ និងថវិកាមួយចំនួន។ គ្រួសារទីទ័លក្រគ្មានទីពឹងចំនួន ០៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២០គីឡូក្រាម ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួន ព្រមទាំងបានឧបត្ថម្ភថវិកា និងសម្ភារលើកទឹកចិត្តដល់កងកម្លាំងជួរមុខ ក្រុមប្រឹក្សាឃុំ យុវជនឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារ មេភូមិ អនុភូមិ ជំនួយការភូមិនិងមេគ្រួសារបក្សផងដែរ៕
ដោយ៖ ស៊ុម វណ្ណា





