អាជ្ញាធរខេត្តកំពង់ឆ្នាំងប្រារពទិវាមច្ឆាជាតិ ០១ កក្កដា ឆ្នាំ២០២៦
AKP កំពង់ឆ្នាំង ថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២៦ -- ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារពទិវាមច្ឆាជាតិ ០១ កក្កដា ឆ្នាំ២០២៦ នៅបរិវេណអាងទឹកឈ្វាំងសែនជ័យ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួមនឹងប្រជាពលរដ្ឋជាច្រើននាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៍ឈ្លៀសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកទិវាមច្ឆាជាតិ ០១ កក្កដា គឺជាទិវាដ៏សំខាន់មួយ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាយល់ដឹងក្នុងចំណោមប្រជាពលរដ្ឋឱ្យចូលរួមក្នុងការថែរក្សាពូជត្រីឱ្យមានក្នុងដែនទឹកធម្មជាតិផង និងបង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា ការលែងកូនត្រី និងពូជមេត្រីនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវលទ្ធផលដ៏ល្អប្រសើរនៃការគ្រប់គ្រង និងការអភិរក្សធនធានជលផល ធម្មជាតិ និងសារៈប្រយោជន៍នៃការប្រារព្ធទិវាមច្ឆាជាតិ ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាព រវាងការអភិរក្ស និងការអភិវឌ្ឍ ជាពិសេសសុំឱ្យបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ចូលរួមការពារមេពូជត្រី និងកូនត្រី ដែលលែងក្នុងឱកាសនេះឱ្យបានស្ថិតស្ថេរគង់វង្ស និងបន្តពូជកើនឡើងសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត។

ក្នុងឱកាសប្រារពទិវាដ៍មានតម្លៃនាពេលនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ លោក លោកស្រី មន្ត្រីរាជការទាំងអស់ បានធ្វើពិធីលែងពូជត្រីចំនួនជាង ៥៧.០០០ក្បាល៕
ដោយ៖ បៃ ស៊ីថុន





