គ្រូបង្គោលកម្មវិធីអប់រំ "ការគិតបែបកុំព្យូទ័រ (CoolThink@JC)" បន្តពង្រីកចំណេះដឹងដល់សហការីនៅតាមសាលារៀនគោលដៅ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦–បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូឧទ្ទេស និងអ្នកជំនាញមកពីទីក្រុងហុងកុង ក្រោមកិច្ចសម្របសម្រួលរបស់នាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមខែមិថុនាកន្លងទៅគ្រូបង្គោលនៃកម្មវិធីអប់រំ"ការគិតបែបកុំព្យូទ័រ (CoolThink@JC)" បាន និងកំពុងក្លាយជាកម្លាំងចលករដ៏សកម្មក្នុងការជំរុញបរិវត្តកម្មអប់រំឌីជីថលនៅកម្ពុជា។

ក្នុងស្មារតីចែករំលែក និងការទទួលខុសត្រូវខ្ពស់ គ្រូបង្គោលនៅតាមសាលាបឋមសិក្សាគោលដៅទាំង៤០ បានរៀបចំវគ្គចែករំលែកបន្តនូវចំណេះដឹង បទពិសោធន៍ និងវិធីសាស្ត្រគរុកោសល្យថ្មីៗដែលទទួលបានពីអ្នកជំនាញហុងកុងជូនដល់លោកគ្រូ អ្នកគ្រូជាសហការីនៅក្នុងសាលារបស់ខ្លួន ដែលជាផ្នែកមួយនៃសហគមន៍សិក្សាវិជ្ជាជីវៈ។ ការបន្តចែករំលែកយ៉ាងសកម្មនេះ គឺធ្វើឡើងស្របតាមយុទ្ធសាស្រ្ដនៃការអប់រំឌីជីថលសម្រាប់ការបង្រៀន និងរៀនរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងពង្រីកវិសាលភាពសមត្ថភាពគ្រូបង្រៀនឱ្យបានទូលំទូលាយ ប្រកបដោយបរិយាបន្ន និងធានាបាននូវនិរន្តរភាពនៃការអនុវត្តកម្មវិធីនៅកម្រិតមូលដ្ឋាន។

តាមរយៈសកម្មភាពចែករំលែកបន្តនេះ លោកគ្រូ អ្នកគ្រូនៅតាមសាលារៀនគោលដៅទទួលបាននូវអត្ថប្រយោជន៍ជាច្រើន រួមមាន ការពង្រឹងសមត្ថភាពសមូហភាព៖ ទទួលបានវិធីសាស្ត្រថ្មីៗក្នុងការបង្រៀនសិស្សឱ្យរៀនសរសេរកូដ និងការដោះស្រាយបញ្ហាជាប្រព័ន្ធ។ ការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង៖ បង្កើតបានជាសហគមន៍សិក្សារបស់អ្នកវិជ្ជាជីវៈដែលលោកគ្រូ អ្នកគ្រូអាចពិភាក្សា និងរកដំណោះស្រាយលើបញ្ហាប្រឈមក្នុងការបង្រៀន។ ការជំរុញទំនុកចិត្ត៖ ជួយឱ្យលោកគ្រូ អ្នកគ្រូទូទៅកាន់តែមានភាពជឿជាក់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបំប្លែងថ្នាក់រៀនឱ្យកាន់តែមានភាពរស់រវើក។

ក្រសួងអប់រំ យុវជន និងកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់គណៈគ្រប់គ្រងសាលា និងគ្រូបង្គោលទាំងអស់ ដែលបានខិតខំប្រែក្លាយចំណេះដឹងពីវគ្គបណ្តុះបណ្តាលទៅជាសកម្មភាពជាក់ស្តែងនៃការចែករំលែក ដើម្បីរួមគ្នាកសាងធនធានមនុស្សឌីជីថលកម្ពុជាតាំងពីកម្រិតបឋមសិក្សា៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





