ឯកឧត្ដម ជា វ៉ាន់ដេត ចូលរួមវេទិកាកិច្ចប្រជុំកំពូលពិភពលោក ស្ដីពីសង្គមព័ត៌មាន និង កិច្ចប្រជុំកំពូលពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតសម្រាប់មនុស្សជាតិ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--នៅថ្ងៃទី៨ និងទី៩ ខែកក្កដា ឆ្នាំ២០២៦ តំណាងបណ្ដាប្រទេសនិងអង្គការអន្តរជាតិ បានបន្តទៅចូលរួម វេទិកាកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (WSIS) ឆ្នាំ២០២៦ និង កិច្ចប្រជុំកំពូលពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតសម្រាប់មនុស្សជាតិ។ តាមរយៈវេទិកានិងកិច្ចប្រជុំនេះ បណ្ដាប្រទេសនិងស្ថាប័នទទួលបន្ទុក បានបន្តជំរុញកិច្ចការតភ្ជាប់ឌីជីថលនិងបរិវត្តកម្មឌីជីថលតាមវិស័យ ព្រមទាំងរួមគ្នាអនុវត្តកិច្ចការសំខាន់ថ្មីៗ រួមមានបញ្ញាសិប្បនិម្មិតនិងអភិបាលកិច្ចទិន្នន័យ ស្របតាមការសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចូលរួមពិធីបើកនៃវេទិកានេះ ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និងតំណាងប្រទេសនានា ព្រមទាំងអង្គការអន្តរជាតិជាច្រើន ព្រមទាំងបានចូលរួមកិច្ចពិភាក្សាតុមូលចង្អៀតថ្នាក់រដ្ឋមន្ត្រី (Closed-Door Ministerial Roundtable) និងចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាជាក្រុម (Leaders’ Talk) ដោយផ្ដោតលើបរិវត្តកម្មឌីជីថល។


ឯកឧត្ដម រដ្ឋមន្ត្រី បានចែករំលែកបទពិសោធកម្ពុជា ក្នុងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (Digital Public Infrastructure ឬ DPI) ដើម្បីពន្លឿនបរិវត្តកម្មឌីជីថល។ ខណៈបណ្ដាប្រទេសដែលបានអនុវត្តមុនកម្ពុជាត្រូវការពេល២០ទៅ៣០ឆ្នាំ ហើយលទ្ធផលអាចជោគជ័យខ្លះ មិនជោគជ័យខ្លះ កម្មវិធី DG SuperApp និងថ្នាល verify.gov.kh ជាឃ្នាស់បច្ចេកវិទ្យានិងជាទ្រព្យរួមដែលជួយឱ្យក្រសួង ស្ថាប័ននិងវិស័យឯកជនអាចធ្វើឌីជីថលូបនីយកម្មសេវារបស់ខ្លួនបានយ៉ាងឆាប់រហ័សនិងដោយមានសុវត្ថិភាព។ ការណ៍នេះ មិនត្រឹមតែធ្វើឱ្យសេវាសាធារណៈងាយរកនិងងាយប្រើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកាត់បន្ថយរយៈពេលបរិវត្តកម្មឌីជីថលមកនៅត្រឹមប្រមាណ៥ឆ្នាំ និងមានអត្រាជោគជ័យខ្ពស់។


ឯកឧត្ដម ជា វ៉ាន់ដេត ក៏បានឆ្លៀតពេលបន្តជួបពិភាក្សាទ្វេភាគីជាមួយបណ្ដារដ្ឋមន្ត្រីឌីជីថល រួមមាន÷ ឯកឧត្ដមរដ្ឋមន្ត្រី Raafat Hendy នៃប្រទេសអេហ្ស៊ីប និងជាប្រធានប្ដូរវេននៃវេទិកា WSIS ឆ្នាំ២០២៦ លោកជំទាវរដ្ឋមន្ត្រី Liisa-Ly Pakosta នៃប្រទេសអេស្តូនី និង លោកជំទាវរដ្ឋមន្ត្រី Shaza Fatima Khawaja នៃប្រទេសប៉ាគីស្ថាន លោកជំទាវរដ្ឋមន្ត្រី Paula Ingabire នៃប្រទេសរវ៉ាន់ដា ឯកឧត្ដមរដ្ឋមន្ត្រី Joseph Pierr-Louis នៃប្រទេសហៃទី និង និង លោកជំទាវរដ្ឋមន្ត្រី Amal Seghrouchni នៃប្រទេសម៉ារុក។ ឯកឧត្ដម និង សមភាគីបានផ្លាស់ប្ដូរយោបល់ដោយភាពស្និទ្ធស្នាល និងស្វែងរកលទ្ធភាពគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានអញ្ជើញសមភាគីពីប្រទេសសមាជិកអង្គការហ្វ្រង់កូហ្វូនីចូលរួមកម្មវិធី Francotech នៅកម្ពុជា ក្នុងខែវិច្ឆិកា ខាងមុខនេះ។
ចុងក្រោយ ឯកឧត្ដមរដ្ឋមន្ត្រីបានទទួលជួបជាមួយ លោកស្រី Ingrid Hoven អភិបាល នៃក្រុមប្រឹក្សាភិបាលអង្គការ GIZ ដើម្បីពិនិត្យលទ្ធភាពបន្តកិច្ចសហការ ៕
ដោយ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





