ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូធនាគារពិភពលោកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសន្ដិសុខទឹក និងជីវៈចម្រុះបឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរ ទន្លេសាបបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងធនាគារពិភពលោក(WB) ធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសន្ដិសុខទឹក និងជីវៈចម្រុះបឹងទន្លេសាប នៅតំបន់ផ្ទះឈើខ្ពស់ផុតពីដីនៃសហគមន៍កំពង់ភ្លុក ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៣១គីឡូម៉ែត្រ ពីក្រុងសៀមរាបនាព្រឹកថ្ងៃសុក្រទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ។

សូមជម្រាបថា ឃុំកំពង់ភ្លុកមានផ្ទៃដីសរុប ៦ ០៣០ ហិកតា គ្របដណ្ដប់ភូមិចំនួនបីគឺ ភូមិគោកក្ដុល ភូមិត្នោតកំបុត និងភូមិដីក្រហម និងមានប្រជាជនរស់នៅសរុបចំនួន ១ ១០៦ គ្រួសារ ស្មើនឹង ៣ ៨២០ នាក់។ តំបន់កំពង់ភ្លុកជាតំបន់ ៦ខែគោក ៦ខែទឹក ប្រជាពលរដ្ឋត្រូវរស់នៅលើផ្ទះឈើកម្ពស់ ៦ ទៅ ១០ ម៉ែត្រផុតពីដី។ នៅទីនេះមានសហគមន៍ចំនួនពីរគឺ សហគមន៍ទេសចរណ៍ និងសហគមន៍នេសាទ ដែលមានប្រជាពលរដ្ឋប្រមាណ ៦៥% ប្រកបរបរនេសាទ និង ៣៥% ប្រកបរបរបម្រើសេវាក្នុងវិស័យទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញធ្វើដំណើរតាមទូក ដើម្បីទៅទស្សនាទិដ្ឋភាពបឹងទន្លេសាប និងតំបន់ព្រៃលិចទឹក ព្រមទាំងជួបសំណេះសំណាលជាមួយសហគមន៍នេសាទកំពង់ភ្លុក ដើម្បីស្វែងយល់ពីជីវភាពរស់នៅ បញ្ហាប្រឈម សន្ដិសុខទឹក និងជីវៈចម្រុះបឹងទន្លេសាប។

សូមបញ្ជាក់ថា ក្រោមកិច្ចសហការ និងការគាំទ្រពីធនាគារពិភពលោក អាជ្ញាធរទន្លេសាប បានធ្វើការសិក្សាវាយតម្លៃស្ថានភាពអាងទន្លេសាប និងសន្ដិសុខទឹកដើម្បីផ្ដល់ជាយុទ្ធសាស្ត្រផែនទីបង្ហាញផ្លូវសម្រាប់ការគ្រប់គ្រងអាងបឹងទន្លេសាប។ របាយការណ៍វាយតម្លៃនេះមានសារៈសំខាន់ទាំងផ្នែកបច្ចេកទេស និងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើគោលនយោបាយអភិវឌ្ឍន៍របស់កម្ពុជា ក្រោមក្របខណ្ឌទឹកសម្រាប់ប្រជាជន ទឹកសម្រាប់អាហារ ទឹកសម្រាប់ភពផែនដី ដែលឆ្លុះបញ្ចាំងពីការរួមបញ្ចូលលក្ខណៈនៃសន្ដិសុខទឹក និងតម្រូវការសម្រាប់កម្មវិធីវិនិយោគរយៈពេលវែង៕

ដោយ ពេជ្រ សំអឿន (ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម )





