កម្ពុជាបង្ក្រាបគ្មានការលើកលែង! បណ្តេញជនជាតិថៃ៧៩នាក់ និងបិទទិដ្ឋាការមិនឱ្យចូលស្រុកខ្មែរវិញ ក្រោយជាប់ពាក់ព័ន្ធបទល្មើសអនឡាញ និងឆ្លងដែនខុសច្បាប់
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--យុទ្ធនាការក្តៅក្នុងការសម្អាតបទល្មើសបច្ចេកវិទ្យានៅតែបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ អាជ្ញាធរកម្ពុជាបានសម្រេចបណ្តេញជនជាតិថៃចំនួន ៧៩នាក់ (ស្រី ៣៤នាក់) ចេញពីប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីរកឃើញថាពួកគេមានការពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ លួចឆ្លងដែន និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។

យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យទាំង ៧៩នាក់ ត្រូវបានប្រគល់ជូនអាជ្ញាធរថៃ តាមច្រកទ្វារខ្លងលឹក ខេត្តស្រះកែវ។ ក្នុងនោះរួមមាន អ្នកពាក់ព័ន្ធបទល្មើសឆបោកអនឡាញចំនួន ៤០នាក់ អ្នកលួចឆ្លងដែនខុសច្បាប់ចំនួន ៣០នាក់ និងអ្នកដែលបានអនុវត្តទោសចប់ចំនួន ៩នាក់។

វិធានការច្បាប់កាន់តែតឹងរ៉ឹងជាងមុន ដោយអាជ្ញាធរកម្ពុជាបានប្រកាសហាមឃាត់ការចូលមកកម្ពុជាជាដាច់ខាតចំពោះក្រុមនេះ ដោយក្នុងនោះ ៣៩នាក់ ត្រូវបានបិទទិដ្ឋាការ (Blacklist) រយៈពេល ៥ឆ្នាំ និង ៤០នាក់ទៀត ត្រូវបិទទិដ្ឋាការរយៈពេល ៣ឆ្នាំ។

ការបណ្តេញចេញនេះសហការធ្វើឡើងស្របពេលដែលកម្ពុជាកំពុងពន្លឿនយុទ្ធនាការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដែលរហូតមកទល់ពេលនេះ មានជនជាតិថៃជិត ៨០០នាក់ហើយ ត្រូវបានឃាត់ខ្លួន និងបញ្ជូនត្រឡប់ទៅវិញតាមច្រកប៉ោយប៉ែតនេះ៕

ដោយ ឈុន សារ៉ាត





