គ្រួសារភ្លើងឆេះផ្ទះ បានទទួលអំណោយពីរដ្ឋបាលខេត្តកំពង់ឆ្នាំងនិងសប្បុរសជន
AKP កំពង់ឆ្នាំង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦– ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជួបការលំបាកងាយរងគ្រោះដោយភ្លើងឆេះផ្ទះនៅភូមិ ផ្សារលើ សង្កាត់ផ្សារឆ្នាំង ទីរួមខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកដំណាងរាស្ត្រនិងសប្បុរសជនផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ស៊ីវ រុន បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយ គតិបណ្ឌិតរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា បានយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជួមការលំបាក រងគ្រោះជាយថាហេតុ ខ្យល់ព្យុះ ទឹកជំនន់និងភ្លើងឆេះផ្ទះជាដើម។ ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ ប្រជាជនរងគ្រោះ នាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ អំណោយឧបត្ថម្ភជូនបងប្អូននាពេលនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនេះឯកឧត្តមបានក្រើនរំលឹកដល់លោកគ្រូអ្នកគ្រូ មាតាបិតា និងអាណាព្យាបាលសិស្សថ្វីត្បិតតែរងគ្រោះដោយភ្លើងឆេះផ្ទះ ប៉ុន្តែជួយណែនាំដល់កូនចៅរបស់ខ្លួនយកពេលទំនេរអានសៀវភៅដែលមាននៅតាមបណ្ណាល័យនិងនៅតាមសាលារៀន ដើម្បីបង្កើននិងពង្រឹងសមត្ថភាពយល់ដឹង ប្រែខ្លួនក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិទៅថ្ងៃអនាគត ។ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ទង្វើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម និងចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា សូមឱ្យប្រជាពលរដ្ឋយើងធ្វើឱ្យបាន ដើម្បីនាំមកនូវសេចក្ដីសុខសេចក្ដីចម្រើនគ្រប់ៗគ្នា។

ថ្លែងក្នុងបរិបទនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សា អភិបាលខេត្ត អ្នកដំណាងរាស្ត្រ និងសប្បុរសជននបានចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៣គ្រួសារក្នុងមួយគ្រួសារៗទទួលបានអង្ករ៥០គ.ក្រ, មីខ្លាឃ្មុំ២កេស, ទឹកត្រី២យួរ, ទឹកស៊ីវអ៊ីវ២យួរ, កញ្ចប់សាប៊ូសម្រាប់ផ្ទះបាយ ១កេស, និងថវិកា ៥០០,០០០រៀលផងដែរ៕
ដោយ៖ បៃ ស៊ីថុន





