សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច ផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ដែលផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភពីសំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជន ចំនួន៥២ខ្នង និងឯកឧត្តម ភឿន ផល្លា ទីប្រឹក្សាសម្ដេចតេជោ ចំនួន៥០ខ្នង។ ការប្រកាសផ្ដល់ផ្ទះជូនជូនអតីតយុទ្ធជន ត្រូវបានធ្វើឡើងក្នុងខណៈដែលសម្ដេចតេជោបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តព្រះវិហារ ប្រមាណជាង៨០០នាក់ នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦ នៅទីរួមខេត្តព្រះវិហារ។

ក្នុងពិធីសំណេះសំណាលនេះ សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្ត ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក។ សម្តេចតេជោបានក្រើនរម្លឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។ សម្តេចតេជោក៏បានរម្លឹកដល់មន្ត្រីទាំងអស់ ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានមានប្រសាសន៍ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន ពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ។ សម្ដេចតេជោ បានបញ្ជាក់ជាថ្មីថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅតែគ្របដណ្ដប់លើមន្ត្រីរាជការចូលនិវត្តន៍របស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានប្រមាណ ២ម៉ឺន ៤ពាន់នាក់ លើកលែងតែគ្រូបង្រៀនសកម្ម ដែលមិនទាន់ចូលនិវត្តន៍ ដោយសម្ដេចតេជោបានគូសបញ្ជាក់ថា ក្រសួងអប់រំមានសមាគមក្នុងអង្គភាពខ្លួនហើយ គឺសមាគមបុគ្គលិកសិក្សាខ្មែរ (ស.ប.ស.ខ.) ប៉ុន្តែចំពោះមន្ត្រីរាជការចូលនិវត្តន៍ក្នុងវិស័យអប់រំទាំងអស់គឺនៅតែអាចចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ដាក់ពាក្យស្នើសុំចូលសមាជិកសមាគមអតីតយុទ្ធជន និវត្តជនកម្ពុជានោះទេ។ បន្ថែមពីនេះ សម្ដេចតេជោ ក៏បានបញ្ជាក់ទៀតថា និវត្តជនក្នុងវិស័យអប់រំ ក្រៅពីទទួលបានអត្ថប្រយោជន៍ពី សមាគមបុគ្គលិកសិក្សាខ្មែរ ថែមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពីសមាគមអតីតយុវជន និងនិវត្តជន ដូចសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជាផ្សេងៗទៀតដែរ។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។ សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្សធនធានធម្មជាតិដែលមាននៅក្នុងខេត្តព្រះវិហារនេះ ឱ្យបានគង់វង្ស។
តាមរបាយការណ៍របស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានឱ្យដឹងថា ខេត្តព្រះវិហារស្ថិតនៅភាគឧត្តរនៃព្រះរាជាណាចក្រកម្ពុជាមានក្រឡាផ្ទៃប្រមាណជាង១៣ពាន់គីឡូម៉ែត្រក្រឡាបែងចែកជា១ក្រុង ៧ស្រុក ៤៩ឃុំ ២សង្កាត់ និង២៣២ភូមិ។ ខេត្តព្រះវិហារ មានសម្បត្តិធនធានធម្មជាតិព្រៃឈើ និងប្រាសាទបុរាណជាច្រើន ក្នុងនោះ មានប្រាសាទបុរាណដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកចំនួន២ គឺប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។ ខេត្តព្រះវិហារមានសក្តានុពល និងពឹងផ្អែកលើវិស័យកសិកម្មជាពិសេសគឺការជំរុញផលិតកម្មស្រូវសរីរាង្គដែលបានចងក្រងជាសហគមន៍កសិកម្មចំនួន ៤៧សហគមន៍ ដើម្បីចុះកិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុនសហគ្រាសចំនួន៩ក្រុមហ៊ុន។ ក្រៅពីនេះ ខេត្តមានដាំដំណាំយុទ្ធសាស្ត្រសំខាន់ៗដូចជាស្វាយចន្ទីប្រមាណ៣ម៉ឺនហិកតា ដំណាំស្វាយប្រមាណ៨ពាន់ហិកតា ដំឡូងមីប្រមាណ៤ម៉ឺនហិកតា និងកៅស៊ូប្រមាណ៣ម៉ឺនហិកតា ដាំលក្ខណៈជាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន១៥ក្រុមហ៊ុន និងលក្ខណៈជាគ្រួសារ។ ក្នុងភូមិសាស្ត្រខេត្តមានធនធានរ៉ែសំខាន់ៗ ដូចជារ៉ែមាស រ៉ែដែក រ៉ែលោហៈ ដែលមានអាជ្ញាបណ្ណធនធានរ៉ែ៥អាជ្ញាបណ្ណស្មើនឹង៣ក្រុមហ៊ុន អាជ្ញាបណ្ណអណ្តូងរ៉ែ និងការដ្ឋានវាយថ្ម១២អាជ្ញាបណ្ណស្មើនឹង១០ក្រុមហ៊ុន។

គួរបញ្ជាក់ដែរថា នេះជាបេសកកម្មលើកទី២០ និងចំនួន២៣ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ក្នុងគោលបំណងពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕
ដោយ៖ ជឹម ណារី





