យ៉ាងហោចណាស់មានការផ្ទុះចំនួន ៧លើកបានឮនៅក្នុងតំបន់ជាច្រើននៃប្រទេសអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ -- យ៉ាងហោចណាស់មានការផ្ទុះចំនួន ៧លើកត្រូវបានគេឮនៅក្នុងតំបន់ជាច្រើននៃប្រទេសអ៊ីរ៉ង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ចំពេលមានការកើនឡើងនៃភាពតានតឹងផ្នែកយោធាជាមួយសហរដ្ឋអាមេរិក។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីមូលហេតុរបស់ពួកគេ ឬការស្លាប់ និងរបួសនោះទេ។
យោងតាមទីភ្នាក់ងារព័ត៌មាន Mehr បានឱ្យដឹងថា ការផ្ទុះចំនួន ២លើកត្រូវបានឮនៅជិតទីក្រុងប៊ូសេ និងទីក្រុងចូហ្គាដាក់ ដែលនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់។
លោក អេហ៍សាន ចាហាន់នីយ៉ាន់ (Ehsan Jahaniyan) អភិបាលរងក្រុងប៊ូសេ ទទួលបន្ទុកកិច្ចការនយោបាយ និងសន្តិសុខ បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA ថា ការផ្ទុះដែលបានឮនៅក្នុងទីក្រុង «បណ្តាលមកពីការឆ្លើយតបទាន់ពេលវេលានៃប្រព័ន្ធការពារដែនអាកាស»។
លោកបាននិយាយថា មូលដ្ឋានយោធាមួយនៅជាយក្រុងប៊ូសេ ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោងដែលបាញ់ដោយ «សត្រូវសហរដ្ឋអាមេរិក-ស៊ីយ៉ូននិយម! ដោយលោកមិនបានពន្យល់លម្អិតនោះទេ។ទីភ្នាក់ងារនេះក៏បានរាយការណ៍ពីការផ្ទុះនៅក្នុងទីក្រុងកូណារ៉ាក់ ភាគខាងត្បូងផងដែរ។
យោងតាមទីភ្នាក់ងារ IRNA បានឱ្យដឹងថា លោក ម៉ូហាម៉ាដ យូនីស ហាកានី (Mohammad Younis Haqqani) អភិបាលខេត្តកាណារ៉ាក់ បាននិយាយថា ការផ្ទុះទាំងពីរលើកបានវាយប្រហារតំបន់យោធាកងទ័ពជើងទឹកមួយនៅក្នុងទីក្រុង។
លោកបាននិយាយថា តំបន់នេះត្រូវបានវាយប្រហារ ២លើកផ្សេងគ្នាដោយយន្តហោះចម្បាំងសត្រូវកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ លោកបានបន្ដថា ការស៊ើបអង្កេតលើវិសាលភាព និងព័ត៌មានលម្អិតនៃការវាយប្រហារកំពុងដំណើរការ។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្លាស់ប្តូរការវាយប្រហារក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ចំពេលមានការកើនឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាពាណិជ្ជកម្មចំនួន ៣គ្រឿងនៅក្នុងច្រកសមុទ្រហ័រមូស។
ទីក្រុងតេអេរ៉ង់បានចាប់ផ្តើមការវាយប្រហារជាបន្តបន្ទាប់កាលពីថ្ងៃព្រហស្បតិ៍លើហេដ្ឋារចនាសម្ព័ន្ធយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែន គុយវ៉ែត កាតា និងហ្ស៊កដានី ដើម្បីសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅថ្ងៃទីពីរពេញមួយយប់៕
ដោយ៖ មូល មិនា (ប្រភព៖ AA-AKP)





