រដ្ឋសភាកំណត់ថ្ងៃទី១៤ កក្តដា ខាងមុខបើកសម័យប្រជុំពេញអង្គដើម្បីពិភាក្សានិងអនុម័តរបៀបវារៈចំនួន៥
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២៦--រដ្ឋសភាកម្ពុជានឹងបើកបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១៤ ខែកក្កដាខាងមុខដើម្បីពិភាក្សានិងអនុម័តរបៀបវារៈចំនួន៥។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈមួយចំនួន។

ជាលទ្ធផល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមានរបៀបវារៈចំនួន ៥រួមមាន៖
១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួន ០១រូប។

២- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញា ស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។

៣- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។
៤- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់។

៥- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួល ទទួលស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត៕

ដោយ៖ ប៊ុនរិទ្ធ





