ប្រជាពលរដ្ឋភៀសសឹកនៅឃុំថ្មដា ថ្កោលទោសទាហានឈ្លានពានថៃ និងចង់វិលទៅលំនៅឋានរបស់ខ្លួនវិញ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--“យើងសូមថ្កោលទោសទាហានឈ្លានពានថៃ ដែលរំលោភអធិបតតេយ្យភាពកម្ពុជា បំផ្លិចបំផ្លាញ និងរារាំងមិនឱ្យចូលភូមិឋានរបស់យើង។ ថៃត្រូវតែគោរពច្បាប់អន្តរជាតិ!”។ នេះជាសាររួមរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែកកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន នៅមណ្ឌលវិទ្យាល័យហ៊ុនសែនប្រម៉ោយ ដែលមានចំនួន ៦១គ្រួសារ។

ប្រជាពលរដ្ឋភៀសសឹក បានបន្ថែមថា៖ “ពួកយើងចង់ត្រលប់ទៅផ្ទះវិញ និងរស់នៅក្នុងភូមិឋានរបស់យើងវិញ។ ពួកយើងចង់ប្រកបរបរចិញ្ចឹមជីវិតដូចដើម”។
ទាំងនេះគឺជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅពេលដែលអ្នកសារព័ត៌មានជាតិ ជាច្រើនស្ថាប័ន បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងដែលទាហានឈ្លានពានថៃបានដាក់ទូរកុងតឺន័រ និងរាយបន្លាលួស ព្រមទាំងសកម្មភាពរំលោភបំពានផ្សេងៗទៀត ក្រោយបទឈប់បាញ់ចូលជាធរមាន។

បន្ថែមពីលើនេះ ប្រជាពលរដ្ឋភៀសសឹកនៅឃុំថ្មដា នៅតែបង្ហាញការជឿជាក់លើថ្នាក់ដឹកនាំ ដែលនឹងខិតខំដោះស្រាយដោយមធ្យោបាយសន្តិវិធី ដើម្បីទាមទារឱ្យបានមកវិញ ដី លំនៅឋាន មិនថាតែនៅឃុំថ្មដានេះ ជារួមគឺទីតាំងដែលទាហានឈ្លានពានថៃកាន់កាប់ដោយខុសច្បាប់ទាំងអស់។
ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋភៀសសឹក តាមរយៈសារព័ត៌មាន អំពាវនាវដល់សហគមន៍អន្តរជាតិ ជួយបន្តតាមដានសកម្មភាពភាពរំលោភបំពានទាំងនេះ និងឱ្យថៃគោរពច្បាប់អន្តរជាតិ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថាកងកម្លាំងយោធាថៃបានដាក់ទូរកុងតឺន័រ និងរាយលួសបន្លា នៅតំបន់ច្រក៥៦ ចាប់តាំងពីដើមខែមករា ឆ្នាំ២០២៦ ដែលជាទីតាំងដែលថៃបានកាន់កាប់ដោយខុសច្បាប់លើផ្ទៃដីប្រមាណ ៧០ហិកតា បង្កផលប៉ះពាល់ដល់លំនៅដ្ឋាន ដីចម្ការ តំបន់ពាណិជ្ជកម្ម។ល។

រាជរដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ម្តងហើយម្តងទៀត ដោយមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនដោយការប្រើប្រាស់កម្លាំងឡើយ។ ជាមួយគ្នានេះ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានដាក់លិខិតតវ៉ាជាបន្តបន្ទាប់ និងស្នើឱ្យថៃគោរពឱ្យបានពេញលេញនូវស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៦ គោរពច្បាប់អន្តរជាតិ បូរណភាពទឹកដី និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ដោយ ផែន រតនៈ (រូបថត៖ ខឹម សុវណ្ណារ៉ា)





