រដ្ឋបាលខេត្តកណ្តាលរៀបចំផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស នៅក្រុងតាខ្មៅ
AKP កណ្តាល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--ក្នុងគោលបំណងពង្រឹងការយល់ដឹង និងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ចគ្រប់ទម្រង់ ក៏ដូចជាការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ រដ្ឋបាលខេត្តកណ្តាល បានបានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ច កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានលើកឡើងថា វេទិកានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ ពង្រឹងការយល់ដឹងអំពីហានិភ័យនៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់ទម្រង់ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព ព្រមទាំងលើកកម្ពស់ការចំណាកស្រុកដោយស្របច្បាប់ និងមានសុវត្ថិភាព ដើម្បីការពារសិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ។ កិច្ចការនេះ គឺជាកាតព្វកិច្ចរួមរបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីធានាបាននូវសុវត្ថិភាព សេចក្តីថ្លៃថ្នូរ សិទ្ធិ និងសុខុមាលភាពរបស់មនុស្សគ្រប់រូប ជាពិសេសស្ត្រី និងកុមារ ដែលជាក្រុមងាយរងគ្រោះ។

ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញសង្គម បានផ្តល់នូវឱកាសយ៉ាងទូលំទូលាយសម្រាប់ការអប់រំ ការសិក្សាស្រាវជ្រាវ ការទំនាក់ទំនង និងការអភិវឌ្ឍសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ក៏បានបង្កើតនូវបញ្ហាប្រឈមថ្មីៗផងដែរ ដោយជនល្មើសបានឆ្លៀតប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបោកបញ្ឆោត ល្បួង អូសទាញ និងកេងប្រវ័ញ្ចលើកុមារ និងយុវជន តាមរយៈបណ្តាញសង្គម និងកម្មវិធីទំនាក់ទំនងផ្សេងៗ។ បទល្មើសដែលកំពុងមានការកើនឡើងគួរឱ្យព្រួយបារម្ភ គឺការផលិត ការរក្សាទុក និងការចែកចាយរូបភាព ឬវីដេអូអាសអាភាសកុមារ ក៏ដូចជាការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ដែលជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរ គឺជាការរំលោភបំពានសិទ្ធិកុមារ បំផ្លាញអនាគតរបស់ពួកគេ និងបង្កផលប៉ះពាល់យ៉ាងខ្លាំងរដល់សង្គមទាំងមូល។ ដូច្នេះ ការអប់រំ ការផ្សព្វផ្សាយច្បាប់ និងការបង្កើនការយល់ដឹងដល់គ្រប់មជ្ឈដ្ឋាន គឺជាវិធានការបង្ការដែលមានប្រសិទ្ធភាព និងជាគ្រឹះដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃបទល្មើសទាំងនេះ។

លោកស្រី អភិបាលរងខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងទៅបម្រើការងារនៅក្រៅមូលដ្ឋាន ឬក្រៅប្រទេស ត្រូវធ្វើដំណើរតាមច្រកផ្លូវស្របច្បាប់ មានឯកសារគ្រប់គ្រាន់ និងស្វែងរកព័ត៌មានពីស្ថាប័នមានសមត្ថកិច្ច មុននឹងសម្រេចចិត្តធ្វើចំណាកស្រុក ដើម្បីជៀសវាងការចាញ់បោកមេខ្យល់ ការជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភសិទ្ធិការងារ ដែលអាចនាំឱ្យប្រឈមនឹងគ្រោះថ្នាក់ បាត់បង់សេរីភាព និងផលប៉ះពាល់ធ្ងន់ធ្ងរផ្សេងៗ។ ការចំណាកស្រុកដោយស្របច្បាប់ មិនត្រឹមតែធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឱ្យពលករទទួលបានការការពារសិទ្ធិ ប្រាក់ឈ្នួលសមរម្យ អត្ថប្រយោជន៍សង្គម និងជំនួយផ្នែកច្បាប់ នៅពេលជួបបញ្ហានៅក្រៅប្រទេស ស្របតាមច្បាប់នៃប្រទេសទទួល និងកិច្ចព្រមព្រៀងពាក់ព័ន្ធ។ ការទប់ស្កាត់អំពើជួញដូរមនុស្ស មិនមែនជាតួនាទីរបស់អាជ្ញាធរ ឬស្ថាប័នណាមួយតែឯងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់សង្គមទាំងមូល។
ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់ព័ត៌មាន ការរាយការណ៍ករណីសង្ស័យ និងការអនុវត្តន៍ច្បាប់ដោយស្មារតីទទួលខុសត្រូវ គឺជាកត្តាសំខាន់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសទាំងនេះឱ្យមានប្រសិទ្ធភាព។ ប្រសិនបើប្រជាពលរដ្ឋបានជួបប្រទះ ឬមានការសង្ស័យពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចលើកុមារ ការបង្ខំឱ្យធ្វើការងារ ឬសកម្មភាពមេខ្យល់ខុសច្បាប់ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីអន្តរាគមន៍ និងចាត់វិធានការទាន់ពេលវេលា សំដៅការពារសុវត្ថិភាព សេចក្តីថ្លៃថ្នូររបស់ស្ត្រី និងកុមារ និងដើម្បីរួមគ្នាកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមដែលគ្មានអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់ទម្រង់ ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





