មូលនិធិ SDF ចុះកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--មូលនិធិអភិវឌ្ន៍ជំនាញ SDF នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគម ឧស្សាហកម្មធំៗ ចំនួន ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម ក្នុងប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគម ឧស្សាហកម្មធំៗចំនួន ៤ រួមមាន សមាគមភស្តុភារកម្មកម្ពុជា (CLA) សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) សមាគមស្វាយចន្ទីកម្ពុជា (CAC) និង សមាគមអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា (CETA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងវិស័យឧស្សាហកម្ម។

ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ SDF បានគូសបញ្ជាក់ថា ភាពជាដៃគូនេះនឹងផ្ដោតលើកិច្ចការគន្លឹះចំនួន ៣ រួមមាន ទី១ ការកំណត់តម្រូវការ នៃការសិក្សាតម្រូវការជំនាញតាមវិស័យជាក់ស្តែង ដើម្បីបង្កើនផលិតកម្ម ទី២ គំរូប្រតិបត្តិការ SDF៖ រួមគ្នារៀបចំ រួមគ្នាវិនិយោគ និងរួមគ្នាទទួលខុសត្រូវ (Co-Design, Co-Invest & Co-Own) លើការអភិវឌ្ឍជំនាញ។ និងទី៣ ភាពជាដៃគូរដ្ឋ និងឯកជន (PPP) ក្នុងការជំរុញការវិនិយោគ ផ្ទេរបច្ចេកវិទ្យា និងបង្កើតការងារប្រកបដោយជំនាញ ច្បាស់លាស់។ SDF នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគម និងឧស្សាហកម្មនានា ដើម្បីបង្កើតក្របខ័ណ្ឌជំនាញ និងគម្រោងបណ្តុះបណ្តាលសម្រាប់វិស័យនីមួយៗ។ គិតមកដល់បច្ចុប្បន្ន SDF បានគាំទ្រការបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមសរុបប្រមាណ ៩៣ ០០០ នាក់។ ជាលទ្ធផល អត្រាបញ្ចប់ការសិក្សាសម្រេចបាន ៩៦ភាគរយ អត្រាមានការងារធ្វើ ៨៨ភាគរយ ការពេញចិត្តពីនិយោជក ៨៥ភាគរយ និង ៨៩ភាគរយ នៃសហគ្រាសបានរាយការណ៍ពីការកើនឡើងផលិតភាពការងារ។ ភាពជាដៃគូថ្មីនេះ គឺជាសក្ខីភាពនៃការបោះជំហានទៅមុខរួមគ្នា ប្រកបដោយស្មារតីបុរេសកម្ម និងទំនួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងឆ្លើយតបចំតម្រូវការឧស្សាហកម្មជាក់ស្តែង។

ក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបង្កើតឧត្តមភាពប្រកួតប្រជែងសម្រាប់វិស័យឯកជន និងសង្គមជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ក្នុងពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល SDF និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាល SDF ព្រមទាំងមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងភ្ញៀវកិត្តិយសសរុបប្រមាណ១២០នាក់៕
ដោយ ណយ នឿន (ប្រភព៖ SDF)





