មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើក ទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែក ឆ្នាំ២០២៦ ឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹង ដើម្បីក្លាយជាមូលធនមនុស្សសម្រាប់អភិវឌ្ឍកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២៦--លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះ សំណាល និងផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលា ភីអាហារូបករណ៍រដ្ឋាភិបាលសាធារណ រដ្ឋឆែក ឆ្នាំ២០២៦ ចំនួន ១៨នាក់ ក្នុងនោះនិស្សិតស្រី ៧នាក់ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។

និស្សិតជ័យលាភីទាំងនេះ មកពីក្រសួង ស្ថាប័ន វិស័យឯកជន និងអង្គការមិនមែ នរដ្ឋាភិបាល ដែលនឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅតាមសាកលវិទ្យាល័យនានាក្នុងសាធារណរដ្ឋឆែក នាខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។
ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិ ការប្រចាំការ បានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ប្រើប្រាស់ឱកាសដ៏មានតម្លៃនេះឱ្យអស់លទ្ធភាព ដោយខិតខំសិក្សារៀនសូត្រ អភិវឌ្ឍសមត្ថ ភាព និងបង្ហាញពីសក្តានុពលរបស់យុវជនកម្ពុជាលើឆាកអន្តរជាតិ។

ទន្ទឹមនឹងនេះ លោកជំទាវក៏បានជំរុញឱ្យនិស្សិតកសាងបណ្តាញទំនាក់ទំនងជាមួយនិស្សិត និងអ្នកជំនាញអន្តរជាតិ ដើម្បីពង្រីកចំណេះដឹង បទពិសោធ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត។
លោកជំទាវបានគូសបញ្ជាក់ថា យុវជនកម្ពុជាបច្ចុប្បន្នមានឱកាសកាន់តែទូលំទូ លាយក្នុងការទទួលបានការអប់រំ និងជំនាញកម្រិតខ្ពស់ ដែលអាចប្រកួត ប្រជែងលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ និស្សិតក៏អាចដើរតួនាទីជាអ្នកផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា តាមរយៈការបង្ហាញពីតថភាពពិតនៃការអភិវឌ្ឍរបស់ប្រទេស និងកាលានុវត្តភាពវិនិយោគទៅកាន់មិត្តភក្តិ និងអ្នកវិនិយោគបរទេស។

ក្នុងឱកាសនេះដែរ លោកជំទាវបានលើកឡើងពីបេសកកម្មសំខាន់របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករនិយោជិត ការពង្រឹងរបបសន្តិសុខសង្គម និងការលើកកម្ពស់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
ក្រសួងក៏បានបន្តពង្រីកឱកាសការងារជូនប្រជាពលរដ្ឋ រួមទាំងពលករវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការឈ្លានពានពីសំណាក់យោធាថៃ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងប្រព័ន្ធទូរស័ព្ទ Hotline លេខ ១២៩៧ ដើម្បីសម្រួលដល់ការស្វែងរកការងារ និងការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានសម្តែងនូវក្តីសង្ឃឹមថា និស្សិតជ័យលាភីទាំងអស់ទទួលបានជោគជ័យក្នុងការសិក្សា ក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធថ្មីៗពីសាធារណរដ្ឋឆែក ហើយវិលត្រឡប់មកបម្រើមាតុប្រទេសវិញ ក្នុងនាមជាធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាព គុណវុឌ្ឍិ និងនវានុវត្តន៍ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





