ឯកឧត្ដម អ៊ិន ចន្ថា អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាប្រចាំចំនួន៥ខ្សែ
AKP ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្ដម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារ កាលពីថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាប្រចាំចំនួន៥ខ្សែ ប្រវែងសរុប៨៨គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូ DBST ចំនួន២ខ្សែ ប្រវែងសរុប៣៥,៦គីឡូម៉ែត្រ ស្ថិតនៅឃុំស្ដៅ ឃុំឈើទាល និងសង្កាត់វត្តគរ ស្រុករតនមណ្ឌល ស្រុកបាណន់ និងក្រុងបាត់ដំបង និងផ្លូវក្រាលល្បាយកំទេចថ្មភ្នំចំនួន៣ខ្សែ ប្រវែងសរុប៥២,៤គីឡូម៉ែត្រ ស្ថិតនៅឃុំរស្មីសង្ហារ ឃុំតាគ្រាម និងឃុំសិរីមានជ័យ ស្រុករតនមណ្ឌល ស្រុកបាណន់ និងស្រុកសំពៅលូន ខេត្តបាត់ដំបង។
បន្ទាប់ពីបានចុះត្រួតពិនិត្យ វាយតម្លៃរួចរាល់ ឯកឧត្តមរដ្ឋលេខាធិការបានប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងដោយបានឯកភាពទទួលយកដំណាក់កាលទី១ លើការងារថែទាំប្រចាំសម្រាប់គម្រោងខាងលើ៕



ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





