ដាំដើមឈើចំនួន២២០ដើម ដើម្បីអបអររុក្ខទិវាជាតិ ក្រោមប្រធានបទ “ដាំដើមឈើ គឺជាបេសកកម្មបង្កើតគម្របបៃតង”
AKP ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦-- ដើម្បីចូលរួមអបអរសាទរពិធី «រុក្ខទិវាជាតិ» ៩ កក្កដា សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានរៀបចំយុទ្ធនាការដាំកូនឈើប្រណិតចំនួន២២០ដើម ក្រោមប្រធានបទដ៏មានអត្ថន័យថា «ដាំដើមឈើគឺជាបេសកកម្មបង្កើតគម្របបៃតង» សកម្មភាពនេះដឹកនាំដោយឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត និងមានការចូលរួមពីក្រុមប្រតិបត្តិសាខា លោកអនុប្រធានអនុសាខាស្រុក បុគ្គលិកកិច្ចសន្យា ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ និងមានការអញ្ជើញចូលរួមពីមន្ទីរបរិស្ថាន កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនធានទឹក និងឧតុនិយម អភិវឌ្ឍន៍ជនបទ សាធារណការ និងដឹកជញ្ជូន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រៃវែង ដែលធ្វើនៅបរិវេណនៅសាលាបឋមសិក្សា អង្គរទ្រេត ភូមិអង្គរទ្រេត ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម សុខ ផេង មានប្រសាសន៍ថា គោលបំណងចម្បងនៃការដាំកូនឈើទាំងនេះ មិនត្រឹមតែជួយបង្កើនគម្របបៃតង និងកាត់បន្ថយការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកែប្រែសោភ័ណភាពក្នុងតំបន់ឱ្យមានភាពស្រស់បំព្រង និងផ្តល់ជាផលប្រយោជន៍ដល់សហគមន៍ទៅថ្ងៃអនាគតផងគឺជាប្រភេទកូនឈើ ដែលផ្តល់អត្ថប្រយោជន៍វែងឆ្ងាយទាំងផ្នែកបរិស្ថាន និងសោភ័ណភាព រួមមាន៖ ដើមបេងចំនួន១០០ដើម ដើមធ្នង់៥០ដើម ដើមឈើទាល៥០ដើម ដើមគគីរ២០ដើម។


ឯកឧត្តមបានលើកឡើងថា ការដាំដើមឈើនៅថ្ងៃនេះ គឺជាការបណ្តុះស្មារតីស្រឡាញ់ធម្មជាតិដល់ស្រទាប់យុវជន និងប្រជាពលរដ្ឋគ្រប់រូប។ ដើមឈើមួយដើម គឺជាជីវិតមួយ ដូច្នេះ «បេសកកម្មបង្កើតគម្របបៃតង» មិនមែនបញ្ចប់ត្រឹមការដាំនោះទេ ប៉ុន្តែវាទាមទារឱ្យមានការចូលរួមថែទាំ ដកស្មៅ និងស្រោចទឹកជាប្រចាំពីយើងទាំងអស់គ្នា ដើម្បីធានាថា កូនឈើទាំង ២២០ដើមនេះ នឹងលូតលាស់ធំធាត់ទៅជាស្រមោលដ៏ត្រជាក់ត្រជុំ។
យុទ្ធនាការ «រុក្ខទិវា» របស់សាខាកាកបាទក្រហមខេត្តព្រៃវែង នាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់លើការងារបរិស្ថាន ស្របតាមទិសដៅរបស់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមចំណែកកសាងសហគមន៍បៃតង ធន់នឹងអាកាសធាតុ និងមានការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





