កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងបើកឯកសារដេញថ្លៃផ្គត់ផ្គង់ប្រេងឥន្ធនៈ ប្រចាំឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងបើកឯកសារដេញថ្លៃការផ្គត់ផ្គង់ «ប្រេងរដ្ឋបាលឆ្នាំ២០២៦» និង «ប្រេងអន្តរាគមន៍សង្គ្រោះស្រូវឆ្នាំ២០២៦» នារសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានសមាសភាព ចូលរួមមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងតំណាងក្រុមហ៊ុនប្រេងដែលបានចូលរួមដេញថ្លៃ។


ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា គោលបំណងសំខាន់ៗនៃកិច្ចប្រជុំនេះគឺការពិនិត្យ និងបើកឯកសារដេញថ្លៃដើម្បីធានាឱ្យបាននូវការអនុវត្តនីតិវិធី និងលក្ខខណ្ឌឱ្យមានភាពត្រឹមត្រូវ គណនេយ្យភាព និងតម្លាភាព ដោយផ្អែកលើគុណភាព និងសន្ទស្សន៍តម្លៃជាក់ស្តែង ក្នុងការជ្រើសរើសក្រុមហ៊ុនផ្គត់ផ្គង់។
ជាមួយគ្នានេះដែរ ការសម្រេចនេះមិនត្រឹមតែជួយសម្រួលដល់ការចុះបំពេញបេសកកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការឱ្យកាន់តែមានភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថា ការងារអន្តរាគមន៍សង្គ្រោះស្រូវនៅទូទាំងប្រទេស អាចអនុវត្តបានទាន់ពេលវេលា ចំទិសដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





