អភិបាលស្រុកព្រៃនប់ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ក្នុងកម្រងសាលាបឋមសិក្សា ហ៊ុន សែន តានៃ
AKP ព្រះសីហនុ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦-- លោក អ៊ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងពិភាក្សាការងារជាមួយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា មកពីសាលារៀនក្នុងកម្រងសាលាបឋមសិក្សា ហ៊ុន សែន តានៃ ស្ថិតនៅឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងជំនួបពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូក្នុងកម្រងសាលាបឋមសិក្សា ហ៊ុន សែន តានៃ ក្នុងគោលបំណងស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម និងរួមគ្នាលើកកម្ពស់គុណភាព សិក្សាប្រកបដោយប្រសិទ្ធភាពនៃការបង្រៀន និងរៀននៅក្នុងមូលដ្ឋាន ជាពិសេសការពង្រឹងវិស័យអប់រំនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសនោះ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ ក៏បានផ្តល់អនុសាសន៍ និងគន្លឹះសំខាន់ៗមួយចំនួនដល់លោកគ្រូ អ្នកគ្រូ ដោយបន្តអនុវត្តវិធីសាស្ត្រ បង្រៀនតាមបែបទំនើប យកសិស្សជាមជ្ឈមណ្ឌល ដោយយកចិត្តទុកដាក់លើ សិស្សដែលមានការលំ បាក ពង្រឹងការអប់រំសីលធម៌ និងវិន័យ បង្កើនកិច្ចសហការជាមួយអាណា ព្យាបាល និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការ បង្រៀន ជំរុញការប្រើប្រាស់វិធីសាស្ត្របង្រៀនបណ្តុះការគិតបែបស៊ីជម្រៅ និងការ អនុវត្តផ្ទាល់។ ការអប់រំប្រកប ដោយបរិយាបន្ន ដោយយកចិត្តទុកដាក់ខ្ពស់លើសិស្សរៀនយឺត និងសិស្សជួបការលំបាក ដើម្បីធានាថា គ្មានកុមាររបស់យើងណាម្នាក់ត្រូវបានបោះបង់ការសិក្សា។

វិន័យ និងគុណធម៌ ជារឿងសំខាន់ ដើម្បីការអប់រំសីលធម៌ សុជីវធម៌ និងការស្រឡាញ់បរិស្ថានសាលារៀន និងចំណេះ ដឹងទូទៅ។ ការចូលរួមពីសហគមន៍ បង្កើនទំនាក់ទំនងយ៉ាងជិតស្និតរវាងសាលារៀន អាណាព្យាបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីគាំទ្រដល់ការសិក្សារបស់កុមារ និងការរៀនសូត្រពេញមួយជីវិត (Continuous learning) លើកទឹកចិត្តលោកគ្រូ អ្នកគ្រូក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងជាប្រចាំ ជាពិសេសលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាជំនួយដល់ការបង្រៀន។

ទន្ទឹមនឹងនោះ លោកអភិបាលស្រុកក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូដែលបានលះ បង់កម្លាំងកាយចិត្ត និងប្រាជ្ញា ស្មារតី ក្នុងការបណ្តុះ បណ្តាលធនធានមនុស្សសម្រាប់សង្គមជាតិ ព្រមទាំងធ្វើការជូនពរលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សទាំងអស់មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕
ដោយ ងូ សុមុនី





