ឯកឧត្តម នូ សាខន ស្នើដល់មន្ទីរសុខាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដោយសារបច្ចុប្បន្នមានការកើនឡើងនូវករណីជំងឺគ្រុនឈាម
AKP កណ្ដាល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើដល់មន្ទីរសុខាភិបាលត្រូវ បង្កើនការយកចិត្តទុកដាក់ខ្ពស់ដោយសារបច្ចុប្បន្នមានការកើនឡើងនូវករណីជំងឺគ្រុនឈាម និងបានសម្តែងការបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗ។
ឯកឧត្តមមានប្រសាសន៍ដូចនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ ក្នុងអាណត្តិទី៤ ដោយមានការចូលរួមពីលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្តាល។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារប្រចាំខែ និងការលើកទិសដៅការងារបន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ មន្ទីរសុខាភិបាលខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បង្កើនការផ្សព្វផ្សាយ និងអប់រំសុខភាព ជូនដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីវិធានការការពារខ្លួនពីមូសខាំ និងរបៀបថែរក្សាអនាម័យជុំវិញផ្ទះ ដើម្បីបង្ការជំងឺគ្រុនឈាម និងត្រៀមលក្ខណៈ និងសម្ភារបរិក្ខារពេទ្យ នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដើម្បីធានាបាននូវការសង្គ្រោះ និងព្យាបាលអ្នកជំងឺគ្រុនឈាមបានទាន់ពេលវេលា និងអនុវត្តវិធានការដាក់ថ្នាំអាបេត និងចុះបាញ់ថ្នាំសម្លាប់មូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដល់គ្រប់មូលដ្ឋានដើម្បីបង្ការជំងឺនេះ។ បើបងប្អូនប្រជាពលរដ្ឋទាំងអស់ បើមានការសង្ស័យ សូមទៅជួបក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើការពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលា សូមកុំបន្តព្យាបាលនៅផ្ទះឱ្យសោះ ព្រោះជំងឺគ្រុនឈាម ប្រសិនបើយើងបណ្ដែតបណ្ដោយ នោះធ្វើឱ្យយើងអាចប្រឈមឬឈានដល់ការបាត់បង់ជីវិត។ ចំពោះការផ្តល់សេវាសាធារណៈនៅតែជាទិសដៅការងារអាទិភាពចម្បងរបស់រដ្ឋបាលខេត្ត។

ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានជំរុញដល់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តពង្រឹងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។ការផ្តល់សេវាត្រូវតែធ្វើឡើងឱ្យបានលឿន រហ័ស និងស្របតាមនីតិវិធីដែលបានកំណត់ ដោយកាត់បន្ថយភាពស្មុគស្មាញ និងពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋ។ ការងាររបបសន្តិសុខសង្គម (បសស) ត្រូវយកចិត្តទុកដាក់ដើម្បីគាំពារដល់សិទ្ធិ និងផលប្រយោជន៍របស់កម្មករ និយោជិត ក៏ដូចជាមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទូទៅ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានប្រកាសថា ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមប្រឹក្សាខេត្តនឹងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីចុះជួបផ្ទាល់ ស្តាប់មតិយោបល់ សំណើ សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ដើម្បីឱ្យវេទិកានេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលផ្លែផ្កាក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ជាស្រេច ទាំងផ្នែកខ្លឹមសារ សម្ភារៈបច្ចេកទេស រៀបចំប្រតិទិន និងកាលវិភាគឱ្យបានច្បាស់លាស់ និងត្រៀមយន្តការដោះស្រាយបញ្ហា ដើម្បីឆ្លើយតប និងដោះស្រាយរាល់កង្វល់ ឬការលំបាករបស់ប្រជាពលរដ្ឋដែលលើកឡើងនៅក្នុងវេទិកាផ្ទាល់តែម្តង។

ជាមួយគ្នានេះដែរ លោក នុត ពុធដារ៉ា អភិបាលរងខេត្ត ក៏បានផ្តល់អនុសាសន៍ណែនាំ និងជម្រុញបន្ថែមដោយសង្កត់ធ្ងន់ថា យើងទាំងអស់គ្នា ទាំងមន្ត្រីរាជការ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាយកចិត្តទុកដាក់លើបញ្ហាជំងឺឆ្លង និងជំងឺមិនឆ្លងឱ្យបានផុលផុសបំផុត។ ក្រៅពីការបង្ការជំងឺគ្រុនឈាមដែលជាជំងឺឆ្លងតាមរដូវកាល យើងក៏ត្រូវតែរួមគ្នាបង្កើនការយល់ដឹង និងទប់ស្កាត់ជំងឺមិនឆ្លងនានា ដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម ដែលកំពុងតែយាយីដល់សុខភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ។ ហេតុនេះ មន្ទីរសុខាភិបាលខេត្ត ត្រូវតែដើរតួនាទីជាស្នូលក្នុងការរៀបចំកម្មវិធីអប់រំសុខភាពសាធារណៈឱ្យបានទូលំទូលាយ ដោយជំរុញឱ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍លើការហាត់ប្រាណ ការបរិភោគអាហារដែលមានសុវត្ថិភាព និងការពិនិត្យសុខភាពជាប្រចាំ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





