គ.ស.ម.ក.សហការជាមួយ OHCHRរៀបចំកិច្ចប្រជុំបច្ចេកទេសអន្តរក្រសួងស្ដីពីរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ពាក់កណ្ដាលអាណត្តិ
AKP ភ្នំពេញ ថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៦--គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សហការជាមួយការិយា ល័យឧត្តមស្នងការអង្គការសហ ប្រជា ជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) រៀបចំកិច្ចប្រជុំបច្ចេកទេសអន្តរក្រសួងស្ដីពីរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ពាក់កណ្ដាលអាណត្តិ។

នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានសហការជាមួយការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) រៀបចំកិច្ចប្រជុំបច្ចេកទេសអន្តរក្រសួងស្ដីពីរបាយ ការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ពាក់កណ្ដាលអាណត្តិ នៅសាលប្រជុំ គ.ស.ម.ក. ក្រោមអធិបតីភាពឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធាន គ.ស.ម.ក. ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធាន គ.ស.ម.ក. និងលោក អាណាន់ ចន្ទ ប្រធានផ្នែកបង្ការនៃ OHCHR។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចជា ពង្រឹងការយល់ដឹងក្នុងចំណោមក្រសួង ស្ថាប័នពាក់ព័ន្ធអំពីតម្រូវការនៃការអនុវត្តអនុសាសន៍និងការចូលរួមរបស់កម្ពុជាក្នុងដំណើរការ UPR ជំរុញកិច្ចសហការអន្តរក្រសួងនិងភាពជាម្ចាស់ការនៃដំណើរការអនុវត្តអនុសា សន៍ ព្រមទាំងដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការរៀបចំរបាយការណ៍ UPR ពាក់កណ្ដាលអាណត្តិ។

ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម អ៊ិត រ៉ាឌី បានមានប្រសាសន៍ថា វត្តមានរបស់សមាជិកសមាជិកានៃកិច្ចប្រជុំនាពេលនេះ បានបង្ហាញនូវការយកចិត្តទុកដាក់របស់ក្រសួង ស្ថាប័នទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ កាតព្វកិច្ចសិទ្ធិមនុស្ស គឺជាការងាររបស់យើងទាំងអស់គ្នា ដែលត្រូវទទួលខុសត្រូវនិងពង្រឹងភាពជាម្ចាស់ការរបស់ខ្លួនក្នុងការអនុវត្តសាសន៍ទៅតាមដែនសមត្ថកិច្ចរៀងៗខ្លួន។ UPR ជាយន្ដការតែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលផ្ដល់ជាវេទិកាមួយសម្រាប់ពិនិត្យស្ថានភាពសិទ្ធិមនុស្សរបស់រដ្ឋជាសមាជិកអង្គការសហប្រ ជាជាតិទាំង ១៩៣ប្រទេស ដោយរដ្ឋសមាជិកផ្សេងៗទៀត នៅចន្លោះបួនឆ្នាំកន្លះទៅប្រាំឆ្នាំម្ដង។ សម្រាប់កម្ពុជា បានចូលរួមជាមួយយន្ដការនេះចំនួនបួនជុំរួចមកហើយ គឺជុំទី១ ឆ្នាំ២០០៩ ជុំទី២ ឆ្នាំ២០១៤ ជុំទី៣ ឆ្នាំ២០១៩ និងជុំទី៤ ឆ្នាំ២០២៤។

ឯកឧត្តមបានបន្ថែមថា សម្រាប់ការពិនិ ត្យរបាយការណ៍ជុំទី៤ របស់កម្ពុជា មានប្រទេសចំនួន ១០០ បានចូលរួមនិងផ្ដល់អនុសាសន៍សរុបចំនួន ២៧៥ ដែលក្នុងនោះ កម្ពុជាបានសម្រេចទទួលយកចំនួន ២៣២ និងកត់សម្គាល់ចំនួន ៤៣អនុសាសន៍។
ការស្ម័គ្រចិត្តទទួលយកអនុសាសន៍ដ៏ច្រើនលើសលប់របស់កម្ពុជា ប្រមាណជាជាង ៨៤% មកអនុវត្តនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងប្រត្យក្សរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ដអភិវឌ្ឍវិស័យសិទ្ធិមនុស្សឱ្យកានតែល្អប្រសើរឡើងថែមទៀតដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនទូទៅ ហើយការទទួលយកនេះ ក៏ត្រូវបានសាទរនិងកោតសរសើរពីគ្រប់មជ្ឈដ្ឋានទាំងជាតិនិងអន្តរជាតិ។

ការរៀបចំរបាយការណ៍ UPR ពាក់កណ្ដាលអាណត្តិ និងរបាយការណ៍ជុំបន្ទាប់ទៀត មានគោលបំណងដើម្បីជាការតាមដានការអនុវត្តអនុសាសន៍ផង និងជាឱកាសបង្ហាញនូវសមិទ្ធផលដែលកើតចេញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យសិទ្ធិមនុស្សដល់សហគមន៍ជាតិនិងអន្តរជាតិផងដែរ។
ក្នុងកិច្ចប្រជុំកិច្ចនេះ មានការធ្វើបទបង្ហាញដោយតំណាង OHCHR និង គ.ស.ម.ក. ស្ដីអំពីដំណើរការ UPR និងការអនុវត្តល្អៗ ព្រមទាំងទិដ្ឋភាពទូទៅនៃអនុសាសន៍ UPR ដែលកម្ពុជាបានទទួលយក និងផែនការក្នុងការរៀបចំរបាយការណ៍ UPR ពាក់កណ្ដាលអាណត្តិ។ បទបង្ហាញទាំងនេះ បានធ្វើឱ្យអ្នកចូលរួមមានការយល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីដំណើរការ និងសារៈសំខាន់នៃការដាក់របាយការណ៍ UPR ជូនអង្គការសហប្រជាជាតិ។ នៅក្នុងនោះ ក៏មានការជជែកពិភាក្សាយ៉ាងផុលផុស និងប្រកបដោយស្ថាបនាពីសមាជិកសមាជិកានៃកិច្ចប្រជុំ ដោយផ្ដោតសំខាន់ទៅលើការអនុវត្តអនុសាសន៍របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងងរបៀបក្នុងការរៀបចំជារបាយការណ៍ឆ្លើយតបនឹងអនុសាសន៍នីមួយៗឱ្យមានប្រសិទ្ធភាពនិងចំគោលដៅ។
ថ្លែងបិទកិច្ចប្រជុំ ឯកឧត្តម អ៊ិត រ៉ាឌី បានថ្លែងអំណរគុណដល់ OHCHR ដែលបានសហការយ៉ាងល្អជាមួយ គ.ស.ម.ក. ក្នុងការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង ហើយឯកឧត្តមក៏មានជំនឿថា ស្ថាប័នទាំងពីរនឹងបន្ដកិច្ចសហការល្អនេះបន្តទៀតសំដៅរួមគ្នាលើកកម្ពស់និងការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនជាលំដាប់។

ទន្ទឹមនេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់និងសម្ដែងនូវការកោតសរសើរដល់សមាជិកសមាជិកនៃកិច្ចប្រជុំ ដែលបានយកចិត្តទុកដាក់ស្ដាប់និងចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងចង់រួមចំណែកក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា ដែលធ្វើឱ្យកិច្ចប្រជុំនេះសម្រេចបានលទ្ធផលគួរជាទីមោទនៈ៕
ដោយ៖ ប៊ុនរិទ្ធ





