ឧត្តមមន្ត្រីតំណាងសហគមន៍សង្គម-វប្បធម៌អាស៊ានកម្ពុជាចូលរួមកិច្ចប្រជុំពិសេសរបស់ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានតាមប្រព័ន្ធវីដេអូហ៊្សូម
AKP ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦-- លោកបណ្ឌិត អៃ សុងហ៊ាង នាយកមជ្ឈមណ្ឌល SEAMEO TED និងជាឧត្តមមន្ត្រីតំណាងសហគមន៍សង្គម-វប្បធម៌អាស៊ាន ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិសេសរបស់ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន (Special Meeting of SOCA) តាមប្រព័ន្ធវីដេអូហ៊្សូម ដោយមានការចូលរួមពីឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានទាំង១១ប្រទេសសមាជិក អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន លេខាធិការអាស៊ាន និងគណៈប្រតិភូអាស៊ាន។
អង្គប្រជុំបានពិភាក្សាគ្នាលើចំណុចសំខាន់ៗ រួមមាន លទ្ធផល និងសកម្មភាពតាមដានក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៥ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៨ និងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ព្រមទាំងពិនិត្យលើបច្ចុប្បន្នភាពផែនការមេសហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន។
បន្ថែមពីនេះអង្គប្រជុំក៏បានពិភាក្សាអំពីអាទិភាពសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៦ ដែលផ្ដោតលើការផ្ដល់សិទ្ធិអំណាចដល់ប្រជាជនអាស៊ានតាមរយៈការលើកកម្ពស់បរិយាបន្នសង្គម ការការពារក្រុមងាយរងគ្រោះ និងការលើកកម្ពស់អត្តសញ្ញាណ និងសហគមន៍រួមគ្នា។ ទន្ទឹមនឹងនេះអង្គប្រជុំក៏បានកំណត់អំពីកិច្ចដំណើរការ និងពេលវេលាក្នុងការអនុម័តឯកសារលទ្ធផលសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ព្រមទាំងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៦ ផងដែរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





