មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យក្រើនរំលឹកជាបន្ទាន់ពីហានិភ័យជំងឺគ្រុនឈាមក្នុងរដូវវស្សា ខណៈលោកគ្រូពេទ្យធំបង្គាប់ឱ្យពលរដ្ឋអនុវត្តវិធានការ «ផ្ទះខ្ញុំគ្មានដង្កូវទឹក» ដើម្បីការពារអាយុជីវិត
AKP បន្ទាយមានជ័យ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦-- ក្នុងស្ថានភាពដែលរដូវវស្សាបានឈានចូលមកដល់ និងនាំមកនូវការគំរាមកំហែងពីជំងឺដង្កាត់ផ្សេងៗ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីណែនាំក្រើនរំលឹកជាបន្ទាន់ស្តីពី «ការប្រុងប្រយ័ត្ន និងការបង្ការការចម្លងជំងឺគ្រុនឈាម» ដល់គ្រប់រចនាសម្ព័ន្ធរដ្ឋបាល ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ គ្រឹះស្ថានសិក្សា និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិសាស្ត្រខេត្ត ដើម្បីចូលរួមទប់ស្កាត់ជំងឺដែលបង្កឡើងដោយមូសខ្លាញីខាំនេះ ដែលអាចយាយីនិងសម្លាប់ជីវិតមនុស្សយ៉ាងឆាប់រហ័ស។

តាមរយៈសេចក្តីណែនាំនេះ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការឈានចូលមកដល់នៃរដូវធ្លាក់វស្សា គឺជាពេលដែលយើងត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេដង។ មន្ទីរសុខាភិបាលបានកត់សម្គាល់ឃើញថា អត្រានៃការកើតជំងឺគ្រុនឈាមមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបង្កឡើងដោយមូសខ្លាញីខាំ។ ជំងឺនេះមិនមែនជារឿងលេងសើចឡើយ វាអាចធ្វើឱ្យយើងបាត់បង់សមាជិកគ្រួសារ និងអាយុជីវិតយ៉ាងឆាប់រហ័សបំផុត បើសិនជាមានការធ្វេសប្រហែស។

ដើម្បីធានាបាននូវសុវត្ថិភាពសហគមន៍ លោកប្រធានមន្ទីរសុខាភិបាលខេត្តបានធ្វើការណែនាំយ៉ាងម៉ឺងម៉ាត់នូវវិធានការគន្លឹះចំនួន៣ ដែលត្រូវអនុវត្តជាប្រចាំ រួមមាន៖ ១. ការកម្ចាត់ជម្រកមូសខ្លា (វិធានការចម្បងបំផុត) មូសខ្លាគឺជាភភ្នាក់ងារចម្លងមេរោគដ៏សកម្ម ដែលចូលចិត្តពងដាក់ក្នុងទឹកថ្លា និងទឹកដក់ជិតៗផ្ទះ។ លោកវេជ្ជបណ្ឌិតបានណែនាំត្រូវរួមគ្នាប្រមូលសំបកកំប៉ុង ត្រឡោកដូង សំបកកង់ឡាន-ម៉ូតូ និងវត្ថុដក់ទឹកភ្លៀងជុំវិញផ្ទះ រួចយកទៅកប់ ឬដុតចោលឱ្យអស់។ ត្រូវលាងសម្អាតអាងទឹក ពាងទឹក ឬថូផ្កា យ៉ាងតិច១ដងក្នុង ១សប្តាហ៍ ដើម្បីដុសខាត់កម្ចាត់ពងមូសខ្លាដែលតោងជាប់ផ្ទៃអាង។ ត្រូវដាក់ថ្នាំអាបែត (Abate) ក្នុងពាង ឬអាងទឹក និងលែងត្រីប្រាំពីរពណ៌នៅក្នុងអាងទឹកធំៗ ដើម្បីឱ្យវាស៊ីដង្កូវទឹក។២. វិធានការការពារខ្លួនពីការខាំរបស់មូសត្រូវទម្លាប់ស្លៀកពាក់ខោអាវវែងៗ គ្របដណ្តប់រាងកាយឱ្យជិត។ ត្រូវគេងក្នុងមុងជានិច្ច ទាំងពេលយប់ និងពេលថ្ងៃ ព្រោះមូសខ្លាមានទម្លាប់ចូលចិត្តខាំមនុស្សនៅពេលថ្ងៃ។ ប្រើប្រាស់ឡេលាបការពារមូសខាំ ឬអុជធូបមូសនៅតាមទីកន្លែងងងឹត ឬកន្លែងដែលមានមូសជ្រកកោនច្រើន។ ៣. ការរៀបចំបរិស្ថានជុំវិញផ្ទះឱ្យមានអនាម័យត្រូវកាប់ឆ្ការព្រៃ និងស្មៅស៊ុបទ្រុបជុំវិញផ្ទះ កុំទុកឱ្យក្លាយជាទីជម្រករបស់មូស។ បើកទ្វារ បង្អួចផ្ទះឱ្យមានពន្លឺថ្ងៃ និងខ្យល់អាកាសចេញចូលល្អ ព្រោះពន្លឺព្រះអាទិត្យអាចជួយកាត់បន្ថយជម្រកមូសនៅក្នុងផ្ទះយ៉ាងមានប្រសិទ្ធភាព។ ហាមទិញថ្នាំលេបដោយខ្លួនឯងដាច់ខាត! ។

ចំណុចដែលលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ព្រួយបារម្ភ និងបានក្រើនរំលឹកដាស់តឿនខ្លាំងៗបំផុតនោះគឺ «ការប្រើប្រាស់ថ្នាំខុសបច្ចេកទេស»។ លោកបានបញ្ជាក់ថា ប្រសិនបើសមាជិកគ្រួសារមានរោគសញ្ញាឡើងកម្តៅខ្លួនខ្លាំង (៣៩-៤០ អង្សាសេ) ភ្លាមៗ និងជាប់រហូតពី២ ទៅ៧ថ្ងៃ រួមផ្សំមានមុខឡើងក្រហម ឈឺក្បាល ឈឺគ្រាប់ភ្នែក ឬមានស្នាមអុចក្រហមលើស្បែក «សូមហាមដាច់ខាតការទៅទិញថ្នាំលេបដោយខ្លួនឯង ពិសេសថ្នាំបញ្ចុះកម្តៅប្រភេទ អាស្ពីរីន (Aspirin) ឬ អ៊ីប៊ុយប្រូហ្វែន (Ibuprofen) ព្រោះវាអាចបណ្តាលឱ្យមានសភាពហូរឈាមធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតភ្លាមៗ។ អ្វីដែលត្រូវធ្វើ គឺត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុតជាបន្ទាន់»។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងជួយគ្នាផ្សព្វផ្សាយ និងចូលរួមអនុវត្តប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមនេះឱ្យខាងតែបាន ស្របតាមពាក្យស្លោកដ៏មានអត្ថន័យ «ខ្ញុំ និងគ្រួសារខ្ញុំជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំគ្មានដង្កូវទឹក» ដើម្បីរួមគ្នាកសាងសហគមន៍មួយដែលមានសុខភាពល្អ និងគ្មានការយាយីពីជំងឺគ្រុនឈាមក្នុងរដូវវស្សានេះ៕
ដោយ ឈុន សារ៉ាត





